ដើម្បីចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសាច់ញាតិនៃសព នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងពិធីការកងទ័ព នៅគេហដ្ឋាននៃសព ឋិតនៅក្នុងសង្កាត់ទឹកល្អក់ពីរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហានកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងនូវការសោកស្តាយ អាឡោះអាឡៃ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ចំពោះការការបាត់បង់ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌នៅពេលនេះ។
នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា នេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ជាពិសេសការរួមចំណែកលើការការពារបូរណភាពទឹកដី និងសុខសន្តិភាព។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឧបកនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុខគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕















