នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុញ្ញាតឱ្យបណ្ដាញសារព័ត៌មាន ទូរទស្សន៍រដ្ឋវៀតណាម VTV ជួបធ្វើបទសម្ភាសន៍ ពាក់ព័ន្ធអំពីខ្លឹមសារសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ហ្វឹកហ្វាត់ និងបំប៉ននៃបណ្ដាឆ្នាំកន្លងមក និងឆ្នាំ២០២៥ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-វៀតណាម ដើម្បីអបអរសាទរខួបលើកទី៨០ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម(២២ ធ្នូ ១៩៤៤ – ២២ ធ្នូ ២០២៤)។
ឆ្លើយតបនឹងសំណួរជាច្រើនរបស់បណ្ដាញសារព័ត៌មានទូរទស្សន៍រដ្ឋវៀតណាម VTV នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ដោយអនុវត្តតាមពិធីសារ កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្រុមការងារបណ្ដុះបណ្ដាលក្នុងនិងក្រៅប្រទេស បានយកចិត្តទុកដាក់តាមការណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការខិតខំបន្តការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារបណ្ដុះបណ្ដាលនាយទាហានវ័យក្មេង ដើម្បីបន្តវេន ក្នុងវិស័យការពារជាតិ ជាមួយកងទ័ពប្រជាជនវៀតណាម ដើម្បីធ្វើយ៉ាងណាទទួលបានការបណ្ដុះបណ្ដាលលើគ្រប់ជំនាញនានា សម្រាប់ការកសាងកងយោធពលខេមរភូមិន្ទមួយ ដែលប្រកបទៅដោយគុណភាព ដែលអាចការពារជាតិរបស់ខ្លួនបានយ៉ាងរឹងមាំ។ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ជំនួសមុខឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋាភិបាល និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកន្លងមកបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារបច្ចេកទេស និងបានជួយបណ្តុះបណ្តាលកងទ័ពអតីតរដ្ឋកម្ពុជា និងកំពុងបណ្តុះបណ្តាលយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលដ៏រឹងមាំ ដើម្បីទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ប៉ុលពត និងការការពារជាតិមាតុភូមិប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព និងបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមល្អប្រសើរ ពង្រឹងស្ថេរភាពនយោបាយ និងសន្តិភាព ដែលជាកត្តាគន្លឹះ សម្រាប់ការស្តារ កសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមឱ្យមាន ការរីកលូតលាស់លើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ តាមរយៈនៃការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការពារជាតិ ពីភាគីមិត្តវៀតណាមនាពេលកន្លងមក អតីតនិស្សិតយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចាត់តាំងឲ្យទៅបំពេញតួនាទីភារកិច្ចនៅតាមបណ្តាកងឯកភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន តាមវគ្គសិក្សា និងមុខជំនាញ ដែលបច្ចុប្បន្ននេះកំពុងក្លាយជាមេបញ្ជាការរង មេបញ្ជាការ និងថ្នាក់ដឹកនាំសំខាន់ៗ គ្រប់លំដាប់ថ្នាក់ ប្រកបដោយទឹកចិត្តអង់អាចក្លាហាន មានសមត្ថភាព និងសិលធម៌ល្អ ក្នុងការបំពេញតួរនាទី ភារកិច្ច នៅក្នុងស្ថាប័នក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដោយទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងកិច្ចការពារជាតិមាតុភូមិល្អប្រសើរ ៕








