នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសកលវិទ្យាល័យការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ បានអញ្ជើញឡើងរាយការណ៍ សមិទ្ធផល សកម្មភាពការងារ យេនឌ័រដែលសម្រេចបានរួមមាន ការងារបណ្តុះបណ្តាល ការងារផ្សព្វផ្សាយ ការងារកីឡា ការងារសុខាភិបាល ការងារសង្គម ការងារប្រជុំ និងសិក្ខាសាលា ព្រមទាំងការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងលើកទិសដៅអនុវត្តបន្ត និងទស្សនវិស័យនៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល០៥ឆ្នាំខាងមុខ ដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាពបន្តទៀត។ នឹងបន្តផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០២៤-២០២៨ ទស្សនៈយេនឌ័រ ច្បាប់ទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងពីរភេទ ក្នុងកងយោធពលខេមរភូមិន្ទ។ ពង្រឹងពង្រីកក្រុមការងារយេនឌ័រតាមបណ្តាកងឯកភាពឱ្យបានរឹងមាំ ចុះពិនិត្យវឌ្ឍនភាពការងារយេនឌ័រតាមបណ្តាកងឯកភាព និងការចូលរួមធ្វើបទបង្ហាញពីយោធិននារី ជំនាញមកពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បញ្ហាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក យោធាចារ្យសលកវិទ្យាល័យការពារជាតិ យោធាចារ្យជំនាញរថក្រោះ រថពាសដែក។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានថ្លៃអំណរគុណ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កន្លងមកដែលបានយកចិត្តទុកដាក់គិតគូរ ដល់ការងារការលើកកម្ពស់យោធិននារី តាមរយៈការលើកទឹកចិត្ត ការផ្តល់តួនាទី ឋានន្តរសក្តិ ជាបន្តបន្ទាប់ គឺពិតជាបានបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ភាពកក់ក្ដៅ ដល់យោធិននារី ក្នុងកងយោធពលខេមរភូមិន្ទ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងការពារជាតិ បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ដើម្បីសម្ដែងនូវ ការសាកសួរសុខទុក្ខដោយក្ដីនឹករលឹក ជូនចំពោះកងយោធពលខេមរភូមិន្ទ ជាពិសេសយោធិននារី ក៏ដូចជាក្រុមការងារយេនឌ័រទាំងអស់ សូមមានសុខភាពល្អ សម្រេចភារកិច្ចជូនជាតិមាតុភូមិ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។ ឯកឧត្តម ក៏បានកោតសរសើរវឌ្ឍនភាពការងារ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង របស់ក្រុមការងារយេនឌ័រក្រសួងការពារជាតិ ដែលបានខិតខំបំពេញការងារលើវិស័យកិច្ចការនារី និងយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ និងខិតខំរៀបចំសៀវភៅផែនការយុទ្ធសាស្រ្តបញ្ចេបយេនឌ័រក្នុងវិស័យការពារជាតិ ឆ្នាំ២០២៤-២០២៨ នេះឡើង ដោយសហការល្អជាមួយ ក្រសួងកិច្ចការនារី ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនិងនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា បានកត់សម្គាល់ផងដែរថា៖ យើងទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ ភាគច្រើនគឺជាអ្នកទទួលខុសត្រូវ និងបម្រើការងារក្នុងការលើកកម្ពស់ដល់កិច្ចការនារី និងយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ ដូចនេះនៅពេលបំពេញកិច្ចការក្នុងស្ថាប័ន កងឯកភាពរបស់ខ្លួន យើងគឺជាយោធិន នៃកងយោធពលខេមរភូមិន្ទ ហើយនៅពេលបំពេញកិច្ចការក្នុងគ្រួសារ យើងគឺជាមាតា ជាអ៊ំស្រី ជាម្តាយមីង ជាបងស្រី ជាប្អូនស្រី និងជាកូនស្រីនៅក្នុងគ្រួសារនីមួយៗនៃសង្គមជាតិរបស់យើង។ ក្នុងន័យនេះ ក្នុងនាមជាយោធិនត្រូវធ្វើជាពលរដ្ឋល្អ និងជាគំរូក្នុងការលើកកម្ពស់សីលធម៌តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងសង្គម ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “ស្រ្តីគឺជាស្នូល និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គម”។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្ដាំផ្ញើ និងផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖
១-ត្រូវបន្តរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពនូវ ផែនការយុទ្ធសាស្ត្របញ្ចៀបយេនឌ័ររបស់ក្រសួងការពារជាតិ ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ក៏ដូចជា ផែនការយុទ្ធសាស្ត្រ នារីរតនៈ លើកទី៦ ឆ្នាំ២០២៤-២០២៨ ដែលក្រសួងកិច្ចការនារី បានដាក់ចេញឱ្យបានសមស្រប ដើម្បីបញ្ចៀបនូវគោលគំនិត នៃយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់យោធិននារី ក្នុងក្រសួងការពារជាតិ អោយកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តន៍ន នៃសម័យវិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល។
២-ត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងក្រសួងការពារជាតិ និងអគ្គបញ្ញាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់នារីនៅតាមសា្ថប័ន កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងយកចិត្តទុកដាក់ដល់ការអប់រំរៀនសូត្រ បណ្តុះបណ្តាល និងបញ្ជូនយោធិននារីឱ្យបានច្រើនថែមទៀត ដើម្បីចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។
៣-ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់បទល្មើសផ្សេងៗ ជាពិសេសការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក៏ដូចជាការជួញដូរមនុស្ស ការជួញដូរលើស្រ្តី ក្មេងស្រី និងកុមារ គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាបទបញ្ជា និងបទវិន័យទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៤-យោធិននារីត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ដើម្បីលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ក៏ដូចជាការលើកកម្ពស់ អត្ថប្រយោជន៍ សិទ្ធិអំណាច និងសេចក្តីថ្លៃថ្នូរ របស់នារីក្នុងកងយោធពលខេមរភូមិន្ទ។ សូមឱ្យស្មារតីនៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងកងយោធពលខេមរភូមិន្ទ ក្លាយជាធ្លុងសាមគ្គីជាតិដ៏រឹងមាំ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ នៃព្រះរាជាណាចក្រកម្ពុជាក្នុងសម័យឌីជីថល រីកចម្រើនរុងរឿងទាំងបច្ចុប្បន្ន និងទៅអនាគត ៕

























































