នៅវិមានឈ្នះឈ្នះ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធពិធីបិទវគ្គមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងប្រវត្តិសាស្រ្តយោធាជំនានទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមានស្ដូបឈ្នះឈ្នះ។
យោងតាមការបូកសរុបលទ្ធផលបិទវគ្គ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានឲ្យដឹងថា៖ វគ្គមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងប្រវត្តិសាស្ត្រយោធាជំនាន់ទី៤ ត្រូវបានរៀបចំឡើងជាលើកទី៤ ក្នុងក្របខ័ណ្ឌទូលាយ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែជ្រួតជ្រាបនៅខ្លឹមសារនយោបាយឈ្នះឈ្នះ ទស្សនទាន នៃការកសាងវិមានឈ្នះឈ្នះ និងចក្ខុវិស័យនៃការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ជាពិសេសផ្ដោតយកចិត្តទុកដាក់លើការផ្សារភ្ជាប់ខ្លឹមសារគោលនយោបាយ ទៅនឹងមនុស្ស ដោយបានបោះជំហានដ៏សំខាន់ថ្មីមួយទៀត គឺការបញ្ជ្រាបខ្លឹមសារអត្ថន័យទៅក្នុងចង្កោមសាធារណជនជាតិ និងអន្តរជាតិ មកទស្សនានៅវិមានឈ្នះឈ្នះ តាមការផ្តល់មគ្គុទ្ទេសក៍ពីក្រុមការងារអង្គភាពសេនាតេជោ ដោយចាប់ផ្តើមតាំងពីមុនពេលសម្ពោធរហូតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងគោលដៅចម្បង ធ្វើការផ្សព្វផ្សាយហើយផ្សព្វផ្សាយទៀត ដើម្បីរួមគ្នាថែរក្សាសន្តិភាពកម្ពុជា ស្ថិតស្ថេរយូរអង្វែង។

ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ទៀតថា៖ វគ្គនេះគឺចង់បង្ហាញជូនស្រទាប់នាយទាហានបន្តវេន អំពីចំណេះដឹង សីលធម៌ តម្លៃនិងភាពចាំបាច់ នៃការផ្សព្វផ្សាយខ្លឹមសារនយោបាយឈ្នះឈ្នះ ដើម្បីទុកជាមូលដ្ឋានពុទ្ធិ ត្រេះរិះពិចារណា អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងយោពលខេមរភូមិន្ទនិយាយដោយឡែក និយាយជារួមគឺតួនាទីស្នូលរបស់ប្រតិបត្តិករនយោបាយឈ្នះឈ្នះ គឺគ្រប់ភាគីពាក់ព័ន្ធ ដែលនាយទាហានបន្តវេនយើងទាំងអស់គ្នា គប្បីប្រកាន់ភ្ជាប់នូវការស្វែងយល់ខ្លឹមសារនេះ បង្កើតបានជាសំឡេងតែមួយ និងភាសាតែមួយ ឆ្លើយតបទៅនឹងទិសស្លោករបស់សម្ដេចពិជ័យសេនា គឺ “កងទ័ពម្នាក់មគ្គុទ្ទេសក៍ម្នាក់” ព្រមទាំងគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបកនាយករដ្ឋមន្ត្រី ស្តីពីបដិវត្តន៍កម្មមគ្គុទេសក៍ឌីជីថល។

ថ្លែងក្នុងពិធីបិទវគ្គ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធា អង្គភាពសេនាតេជោ វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា នាយទាហានគ្រប់លំដាប់ថ្នាក់ និងតំណាងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងវគ្គបណ្ដុះបណ្ដាលនេះ ហើយសម្រេចបានលទ្ធផលគួរឲ្យពេញចិត្ត និងជាទីមោទនៈ។ សម្ដេចពិជ័យសេនា បានមានប្រសាសន៍ទៀតថា៖ នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជា ដែលពីអតីកាលជាវាលពិឃាដ ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ក្លាយជាប្រទេសមានសន្តិភាព និងឯកភាពជាតិពេញលេញ និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ ភាពចាំបាច់នៃការពង្រឹងសមត្ថភាព នៃការយល់ដឹងរបស់នាយទាហាន នាយទាហានរងជាមគ្គុទ្ទេសក៍ គឺជាកត្តាចម្បងដើម្បីនាំសារផ្សព្វផ្សាយដល់សាធារណជន ឲ្យបានស្គាល់បានយល់អំពីសច្ចភាព នៃប្រវត្តិសាស្ត្រពិតនៅកម្ពុជា ពោលគឺឆ្លើយតបនឹងទិសស្លោករបស់ សម្ដេចពិជ័យសេនា គឺ“កងទ័ពម្នាក់មគ្គុទ្ទេសក៍ម្នាក់” ព្រមទាំងគោលការណ៍ទិសដៅអនុវត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ឧបកនាយករដ្ឋមន្ត្រី ឲ្យប្រែក្លាយជាបដិវត្តន៍កម្មមគ្គុទ្ទេសក៍ឌីជីថល។
សម្ដេចពិជ័យសេនា បានចាត់ទុកលទ្ធផលដែលទទួលបានក្នុងវគ្គបំប៉ននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអនុវត្តផែនការកម្មវិធីបន្ត និងការអនុវត្តបន្តបណ្តុះបណ្តាលក្នុងឆ្នាំបន្តបន្ទាប់ទៀត ក្នុងនោះសម្តេចពិជ័យសេនា ក៏បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ បន្តអភិវឌ្ឍ និងចងក្រងជាសៀវភៅមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងមគ្គុទ្ទេសក៍តំបន់ប្រវត្តិសាស្ត្រយោធា ដើម្បីជាឯកសារមូលដ្ឋានគ្រឹះ និងផ្លូវការណ៍ ក្នុងការកសាងផែនការបណ្តុះបណ្តាល និងរៀនសូត្ររយៈពេលមធ្យម និងវែង តាមសេចក្ដីត្រូវការជាក់ស្ដែង។ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរកម្មវិធីមគ្គុទ្ទេសក៍ទៅវិញទៅមក ជាមួយក្រសួង ស្ថាប័នជំនាញ ដូចជាក្រសួងទេសចរណ៍ វប្បធម៌ និងបរិស្ថានជាដើម និងបញ្ចូលវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទៅក្នុងផែនការថវិកាកម្មវិធីប្រចាំឆ្នាំ ដើម្បីធានាលើកិច្ចដំណើរការ និងមធ្យោបាយក្នុងការរៀបចំវគ្គនីមួយៗ ស្របតាមផែនការយុទ្ធសាស្ត្រ ៕









































