កិច្ចប្រជុំបូកសរុបការងារសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ បានប្រារព្ធធ្វើនៅទីស្ដីការក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ។
ថ្លែងបើកកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា៖ កិច្ចប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយនាពេលនេះ គឺដើម្បីត្រៀមលក្ខណៈប្រជុំសង្គ្រោះគ្រោះមហន្តរាយអាស៊ាននាដើមឆ្នាំ២០២៥ខាងមុខនេះ។ កិច្ចប្រជុំនេះ ក៏ដើម្បីរៀបចំនូវសម្ភារៈដែលមានស្រាប់ និងថែទាំសម្ភារៈដែលបានប្រើប្រាស់កន្លងមក ដើម្បីប្រើប្រាស់នៅពេលមានគ្រោះមហន្តរាយកើតមានឡើង។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលបានកើតមានឡើងជាយថាហេតុ។ ហេតុដូច្នេះហើយបានជាគណៈកម្មការជួយសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ បានត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
តាមរយៈកិច្ចប្រជុំនាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសម្ដែងនូវសេចក្ដីសង្ឃឹមថា គ្រប់បណ្ដាអង្គភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ព័ន្ធទាំងអស់ នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ចជួយសង្គ្រោះគ្រោះមហន្តរាយ ទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ឆ្នាំ២០២៥ ឲ្យសម្រេចបានលទ្ធផលល្អ តាមការណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ៕




















