អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានរៀបចំកិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមី ស្តីពីការប្រកាសសមាសភាព នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ឱ្យដឹងថា៖ កិច្ចប្រជុំនេះបានផ្តោតទៅលើរបៀបវរៈចំនួន៣៖ ទី១៖ ប្រកាសសមាសភាព នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា, ទី២៖ ស្វែងយល់ពីច្បាប់គោលរបស់កម្ពុជា ទាក់ទងទៅនឹងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម, និងទី៣៖ របាយការណ៍សង្ខេបលទ្ធផលការងារសម្រេចបាន របស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មឆ្នាំ២០២៣ និងលទ្ធផលការងារសម្រេចបាន នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤។
នៅក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ បានប្រកាសសមាសភាពចំនួន ២២រូប ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ជាប្រធានអាជ្ញាធរជាតិអាវុធគីមី និងមានអនុប្រធានចំនួន៨រូប ដែលរួមមាន៖ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឆាយ វ៉ាន់នឿន, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន, រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កាន់ ផារិទ្ធ, រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ, រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម កែ គី និងរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម អ៊ឹង អៀង។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ក្នុងការចូលរួមសហការកន្លងមក ពីសំណាក់ ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកសមាជិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្នុងការជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលលើកិច្ចការ ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី លេចចេញជារូបរាង និងបន្តលូតលាស់បម្រើការងារយ៉ាងសកម្ម មានប្រសិទ្ធភាពក្នុងការការពារ នៃការរីកសាយភាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ អាជ្ញាធរជាតិអាវុធគីមី ដែលហៅកាត់ថា «អ.ជ.អ.គ» គឺជាស្ថាប័នជាតិ ដែលធ្វើជាតំណាងឱ្យរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការដោះស្រាយរាល់សកម្មភាពនានា ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម។ មួយវិញទៀត អាជ្ញាធរជាតិអាវុធគីមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ជាតិ និងច្បាប់អន្តរជាតិ រៀបចំគោលនយោបាយ សកម្មភាព និងផ្សព្វផ្សាយធានាការអនុវត្ត តាមដានត្រួតពិនិត្យ និងការគ្រប់គ្រង ទាក់ទងទៅនិងការអនុវត្តទប់ស្កាត់អាវុធមហាប្រល័យ និងបច្ចេវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយដឹកជញ្ជូនសារធាតុគ្រឿងសម្ភារៈសម្រាប់ផលិតគ្រឿងទាំងអស់នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ទៀ សីហា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងការដឹកនាំការអនុវត្តកិច្ចការងារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាស់វៃ ស្វាហាប់ និងប្រកបដោយគិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងការងារដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់ចេញកន្លងមក។ នាយឧត្តមសេនីយ៍ ជឿជាក់ថា តាមរយៈការប្រកាសសមាសភាព នាពេលនេះ ពិតជាមានសារៈសំខាន់ និងបន្តចូលរួមអនុវត្តសកម្មភាពការងារ នៅក្នុងអាជ្ញាធរជាតិអាវុធគីមី ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លា ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនរបស់កម្ពុជា ៕

















