នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិបីប្រទេសកម្ពុជា-ឡាវ-វៀតណាម មានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ហ្វាង វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិឡាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យទេពប្រណម្យ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកពញាឮ ខេត្តកណ្តាល និងបាននាំយកអំណោយមួយចំនួនទៅចែកជូន ក្នុងឱកាសនោះទៀតផង។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា៖ ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាពដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រជាជាតិកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តជំរុញអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលបានកំណត់ជាអាទិភាព និងវិធានការគន្លឹះនានា ពិសេសក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ និងធានាធ្វើយ៉ាងណាឲ្យសាលារៀន ក្លាយជាអង្គភាពផ្ដល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ ហើយអភិបាលកិច្ចល្អ និងមានគណនេយ្យភាព ជាមួយប្រជាជន និងសហគមន៍ ជាពិសេសឲ្យបណ្ដុះបណ្ដាល និងការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពខ្ពស់ គំនិតច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចិរភាព និងបរិយាប័ន្ន។ ឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល លើវិស័យអប់រំយុវជន និងកីឡា វិទ្យាល័យទេពប្រណម្យ គឺជាគ្រឹះស្ថានសិក្សាសាធារណៈដ៏លេចធ្លោមួយ ប្រចាំក្នុងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល។ បច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាល័យទេពប្រណម្យ មានសិស្សសរុបចំនួន១៣០៥នាក់ ស្រី៦៩៨នាក់ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន៩៣នាក់ ដោយឡែកចំពោះលទ្ធផលមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សប្រឡងជាប់មានចំនួន១៤៤នាក់ និង១៤៤នាក់លើ១៨៣នាក់ ស្រី៩២ ស្មើនឹង៧៨.៦៩% ក្នុងនោះបាននិទ្ទេសA ចំនួន២នាក់ ស្រី២នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកណ្តាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យទេពប្រណម្យ ប្រកបដោយភាពកក់ក្តៅ និងភាពស្រស់ស្អាតនាពេលនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃយើង នៅតែចាត់ទុកវិស័យអប់រំ ជាវិស័យដែលមានអាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យមានចំណេះដឹង មានសមត្តិភាពច្នៃប្រឌិត ក្រមសីលធម៌ល្អ សំដៅរួមចំណែកជួយបង្កើតនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់លទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសជាតិយើង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងថា៖ ឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ពិតជាមានកិត្តិយស និងមានសេចក្ដីរីករាយ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស និងធ្វើលំហាត់សមយុទ្ធរួម រវាងកងទ័ពបីប្រទេសកម្ពុជា ឡាវ និងវៀតណាម ការប្រារព្ធពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យទេពប្រណម្យ គឺកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លាមួយ រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរួម រវាងបីប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ទន្ទឹមនេះ ឯកឧត្តម បានជម្រាបជូនថា៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៃប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងកិច្ចអនុវត្តប្រកបដោយប្រសិទ្ធភាព នៅលិខិតបទដ្ឋានជាធរមាន និងឯកសារពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់អំពើជ្រុលនិយម ការមិនអនុញ្ញាតឲ្យមានកម្លាំងមួយប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសណាមួយ ការទប់ស្កាត់បង្ក្រាប និងប្រយុទ្ធអំពើឧក្រិដ្ឋកម្ម ដូចជាការឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ការជួញដូរមនុស្ស អំពើភេរវកម្មជាដើម ដើម្បីការកសាងព្រំដែនមិត្តភាព សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកថែរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់។
អំណោយដែលបានចែកជូនក្នុងឱកាសនោះរួមមាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបីប្រទេស បានផ្តល់ថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន៥០នាក់ ក្នុងម្នាក់ៗថវិកាប្រាំម៉ឺនរៀល, សិស្សានុសិស្ស៥៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល សៀវភៅ និងប៊ិក ដោយឡែកក្រសួងការពារជាតិឡាវ បានឧបត្ថម្ភកុំព្យូទ័រលើតុចំនួន១២គ្រឿង និងក្រសួងការពារជាតិវៀតណាម ឧបត្ថម្ភកុំព្យូទ័រលើតុចំនួន៣០គ្រឿង ដល់សាលាផងដែរ ៕
















































