គណៈ​ប្រតិភូ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការពា​រ​ជាតិ​បី​​ប្រទេស​កម្ពុជា​ ឡាវ ​វៀត​ណាម​ អញ្ជើញ​សំណេះ​សំណាល ​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ ​និង​សិស្សា​នុ​សិស្ស ​នៃ​វិទ្យាល័យ​ទេព​ប្រណម្យ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ ​គណៈ​ប្រតិភូ​រដ្ឋមន្ត្រី​​ក្រសួង​​កា​រ​ពារ​ជាតិ​បី​​ប្រទេស​កម្ពុជា-​ឡាវ-​វៀតណាម​​ មាន​​ឯកឧត្តម​​ នាយ​​ឧត្តមសេនីយ៍​​ ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​​ក្រ​សួង​ការពារ​​ជា​តិ​​កម្ពុជា,​ ឯកឧត្តម​​ នាយ​​ឧត្តម​សេនីយ៍​​ហ្វាង​ វ៉ាន់ ​យ៉ាង ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណា​ម និង​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ចាន់​សាម៉ន​ ចាន់​ញ៉ាឡាត​ ឧបនាយក​រដ្ឋមន្ត្រី ​ក្រសួង​ការពារ​ជាតិ​ឡាវ ​បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​សំណេះ​សំណាល​ ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សា​នុ​សិស្ស​ នៃ​វិទ្យាល័យ​ទេព​ប្រណម្យ ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ និង​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ ក្នុង​ឱកាស​នោះ​ទៀត​ផង​។

     ឯកឧត្តម ​គួច ​ចំរើន​ អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល ​បាន​ថ្លែង​ថា៖​ ​ក្រោម​ម្លប់​ដ៏​ត្រជាក់ ​នៃ​សុខ​សន្តិភាព​ដែល សម្ដេច​​អគ្គ​​មហា​​សេនា​​បតី​​តេ​​ជោ​​ ហ៊ុន សែន បា​ន​នាំ​មក​ជូន​ប្រជាជាតិក​ម្ពុជា រា​ជ​រដ្ឋាភិបាល​នីតិ​កាល​ទី​៧​ នៃ​រដ្ឋសភា​ ដែល​មាន ​សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន ​ម៉ាណែត ​ជា​នាយក​រដ្ឋមន្ត្រី ​បាន​​បន្ត​​ជំរុញ​​អនុវត្ត​​នូវ​យុទ្ធសាស្ត្រ​​បញ្ចកោណ​​ដំណាក់​​កាល​ទី​មួយ ដែលបានកំណត់ជាអាទិភាព និង​វិធាន​ការ​គន្លឹះ​នានា ​ពិសេស​ក្នុង​ការ​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​ និង​ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​សាលា​រៀន ​ក្លាយ​ជា​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ហើយ​អភិបាល​កិច្ច​ល្អ​ និង​មាន​គណ​នេយ្យ​ភាព​ ជា​មួយ​ប្រជាជន ​និង​សហគមន៍​ ជា​ពិសេស​ឲ្យ​បណ្ដុះ​បណ្ដាល ​និង​ការ​អភិវឌ្ឍ​កុមារ ​និង​យុវជន​ ឲ្យ​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ ​មាន​សមត្ថ​ភាព​ខ្ពស់​ គំនិត​ច្នៃ​ប្រឌិត ​ស្មារតី​សហ​គ្រិន​ភាព​ នវា​នុវត្តន៍​ និង​ក្រម​សីលធម៌​ខ្ពស់​ ដើម្បី​ចូល​រួ​មចំ​ណែក​អភិវឌ្ឍ​សង្គម​ និង​កំណើន​សេដ្ឋកិច្ច ​ប្រកប​ដោយ​ចិរភាព ​និង​បរិយា​ប័ន្ន​។ ​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុ​វិស័យ ​និង​គោល​នយោបាយ​អាទិភាព ​របស់​រាជ​រដ្ឋាភិបាល​ លើ​វិស័យ​អប់រំ​យុវជន​ និង​កីឡា ​វិទ្យាល័យ​ទេព​ប្រណម្យ ​គឺ​ជា​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ដ៏​លេច​ធ្លោ​មួយ ​ប្រចាំ​ក្នុង​មូល​ដ្ឋាន​ស្រុក​ពញាឮ ​ខេត្ត​កណ្តាល​​។ បច្ចុប្បន្ន​ក្នុង​ឆ្នាំ​សិក្សា​២០២៣​-​២០២៤ ​វិទ្យាល័យ​ទេព​ប្រណម្យ​ មាន​សិស្ស​សរុប​ចំនួន​១៣០៥​នាក់​ ស្រី​៦៩៨នា​ក់ ​និង​មាន​លោក​គ្រូ ​អ្នក​គ្រូ ​សរុប​ចំនួន​៩៣​នាក់​ ដោយ​ឡែក​ចំពោះ​លទ្ធផល​មធ្យម​សិក្សា​ទុតិយភូមិ ​សិស្សា​នុ​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​១៤៤​នាក់​ និង​១៤៤​នាក់​លើ​១៨៣​នាក់​ ស្រី​៩២ ​ស្មើ​នឹង​៧៨.៦៩% ​ក្នុង​នោះ​បាន​និទ្ទេស​A​ ចំនួន​២​នាក់​ ស្រី​២​នាក់​។​

     មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ​ សីហា ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​សម្ដែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​រដ្ឋបាល​ខេត្ត​កណ្តាល​ គណៈ​គ្រប់​គ្រង​សាលា ​លោក​គ្រូ​ អ្នក​គ្រូ ​សិស្សា​នុ​សិស្ស ​និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ​លោក​គ្រូ ​អ្នក​គ្រូ​ សិស្សា​នុ​សិស្ស ​វិទ្យាល័យ​ទេព​ប្រណម្យ ​ប្រកប​ដោយ​ភាព​កក់​ក្តៅ ​និង​ភាព​ស្រស់​ស្អាត​នា​ពេល​នេះ។​ ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​បាន​បន្ត​ទៀត​ថា​៖​ រាជរដ្ឋាភិបាល​កម្ពុជា ​នីតិកាល​ទី​៧​ ក្រោម​ការ​ដឹ​កនាំ​ប្រកប​ដោយ​បញ្ញាញាណ​ឈ្លាស​វៃ​របស់ ​សម្ដេច​​ម​ហា​​បវរធិបតី ​ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​យើង​ នៅ​តែ​ចាត់​ទុក​វិស័យ​អប់រំ ​ជា​វិស័យ​ដែល​មាន​អាទិភាព​ខ្ពស់​ ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​ឲ្យ​មាន​ចំណេះ​ដឹង ​មាន​សមត្តិភាព​ច្នៃ​ប្រឌិត​ ក្រម​សីលធម៌​ល្អ​ សំដៅ​រួម​ចំ​ណែក​ជួយ​បង្កើត​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ និ​ង​ការ​លើក​កម្ពស់​លទ្ធភាព ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​។​ ឆ្លៀត​ក្នុ​ងឱកាស​នោះ​ ឯកឧត្តម​ ទៀ ​សីហា ​ក៏​បាន​ថ្លែង​ថា៖ ​ឆ្នាំ​នេះ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ពិត​ជា​មាន​កិត្តិយស ​និង​មាន​សេចក្ដី​រីក​រាយ​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​បី​ប្រទេស ​និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​ រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​​​ ឡាវ ​និង​វៀតណាម​ ការ​ប្រារព្ធ​ពិធី​សំណេះ​សំណាល​ជា​មួយ​លោក​គ្រូ ​អ្នក​គ្រូ ​សិស្សានុ​សិស្ស​វិទ្យាល័យ​ទេព​ប្រណម្យ​ គឺ​កម្ម​វិធី​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​មួយ​ រួម​ចំណែក​លើក​កម្ពស់​ទំនាក់​ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃណី ​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ និង​​យូ​រអ​ង្វែង​​រួម​ ​រវា​ង​បី​ប្រទេស​កម្ពុជា ​ឡាវ ​និង​វៀត​ណាម​។

      ទន្ទឹម​​នេះ​ ​ឯកឧត្តម​ ​បាន​​ជម្រាប​​ជូន​​ថា​៖​​ កិច្ច​សហ​ប្រតិបត្តិការ​លើវិ​ស័យ​ការពារ​ជាតិ​ នៃ​ប្រទេស​ទាំង​បី​កម្ពុជា​ ឡាវ ​និង​វៀត​ណាម ​ពិត​ជា​មាន​សារៈ​សំខាន់ ​ក្នុង​ការព​ង្រឹង​កិច្ច​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នៅ​លិខិត​បទ​ដ្ឋាន​ជាធរ​មាន ​និង​ឯកសារ​ពាក់​ព័ន្ធ​នានា ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ជ្រុល​និយម ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​មួយ​ប្រើ​ប្រាស់​ទឹក​ដី​ខ្លួន ​ដើម្បី​ប្រឆាំង​ប្រទេស​ណា​មួយ​​ ការ​ទប់​ស្កាត់​បង្ក្រាប​ និង​ប្រយុទ្ធ​អំពើ​ឧក្រិដ្ឋកម្ម​ ដូច​ជា​ការ​ឆ្ល​ងដែន​ខុស​ច្បាប់ ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការ​ជួញ​ដូរ​មនុស្ស​ អំពើ​ភេរវកម្ម​ជា​ដើម​ ដើម្បី​ការ​កសាង​ព្រំ​ដែន​មិត្តភាព ​សន្តិភាព ​សន្តិសុខ​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ ​រួម​ចំណែក​ថែ​រក្សា​សន្តិភាព ​និង​វិបុល​ភាព​ នៅ​ក្នុង​តំបន់​។​

      អំណោយ​ដែល​បាន​ចែក​ជូន​ក្នុង​ឱកាស​នោះ​រួម​មាន​ ឯកឧត្តម ​​រដ្ឋមន្ត្រី​​ក្រសួង​​ការពារ​​ជាតិ​ទាំង​បី​ប្រទេស​ បាន​ផ្តល់ថវិកា​ដល់​លោកគ្រូ ​អ្នកគ្រូ​ ចំនួន​​៥​០នាក់​ ក្នុង​ម្នាក់ៗ​ថវិកាប្រាំ​ម៉ឺន​រៀល,​ សិស្សានុសិស្ស​៥៥៥នា​ក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា ​២​ម៉ឺន​រៀល​ សៀវ​ភៅ ​និង​ប៊ិក​ ដោយ​ឡែក​ក្រសួង​ការពារ​ជាតិ​ឡាវ​ បាន​ឧបត្ថម្ភ​កុំ​ព្យូ​ទ័រ​លើ​តុ​ចំនួន​១២​គ្រឿង ​និង​ក្រសួង​ការពារ​ជាតិ​វៀត​ណា​ម ឧបត្ថម្ភ​កុំ​ព្យូទ័រ​លើ​តុ​ចំនួន​៣​០​គ្រឿង ​ដល់​សាលា​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ