លំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៤ ក្រោមប្រធានបទ (ប្រតិបត្តិការជួយសង្គ្រោះ គ្រោះមហន្តរាយ បាក់រលំអគារ) បានប្រារព្ធពិធីបិទនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ ហ្វាង វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាលើកនេះ គឺជាលើកទី៣ នៃការធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ទាំងបីប្រទេស បន្ទាប់ពីភាគីឡាវ និងវៀតណាម បានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២ និង២០២៣ រួចមកហើយ។ គោលបំណងនៃការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានេះ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសដើម្បីត្រៀមលក្ខណៈក្នុងការឆ្លើយតបជាបន្ទាន់ និងត្រៀមដោះស្រាយជាយថាហេតុ ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុ ដែលអាចបង្កជាគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន និងជាប្រធានអនុគណៈកម្មការហ្វឹកហ្វឺង នៃគណៈកម្មការអន្តរក្រសួង កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា៖ លំហាត់ហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៤ បានរៀបចំឡើងក្រោមប្រធានបទ (ប្រតិបត្តិការជួយសង្គ្រោះ គ្រោះមហន្តរាយ បាក់រលំអគារ) ដោយបានរៀបចំជាពីរខ្លឹមសារហ្វឹកហាត់៖ គឺប្រតិបត្តិការសង្គ្រោះបាក់រលំអគារ និងប្រតិបត្តិការសង្គ្រោះសុខាភិបាល ក្នុងនោះមានផ្នែកមន្ទីពេទ្យកម្រិត១ និងមន្ទីពេទ្យកម្រិត២។ ពេលវេលាហ្វឹកហាត់ រួមមានរយៈពេលចំនួន ១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបបិទបញ្ចប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯកម្លាំងចូលរួមហ្វឹកហាត់ ចូលរួមសរុបចំនួន ៦៩៨នាក់ ក្នុងនោះ ភាគីកងទ័ពកម្ពុជា ចំនួន ៥៦៣នាក់, ភាគីកងទ័ពឡាវ ចំនួន ៦៤នាក់ និងភាគីកងទ័ពប្រជាជនវៀតណាម ចំនួន ៧១នាក់។ ភាគីកម្ពុជា បានប្រើប្រាស់គ្រឿងសម្ភារៈបំពាក់ និងបរិក្ខារបាក់រលំអគារ ចំនួន ២៧មុខ, ឧទ្ធម្ភាគចក្រ MI-17 ចំនួន ០១គ្រឿង, ឧទ្ទម្ភាគចក្របំពាក់ និងបរិក្ខារសម្រាប់សង្គ្រោះការបាក់រលំអាគារ ចំនួន ២៧មុខ, រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០៧គ្រឿង, តង់សុខាភិបាល ចំនួន ១២តង់, សម្ភារៈបរិក្ខារពេទ្យចំនួន ៣៤មុខ និងបរិក្ខារផ្សេងៗ មួយចំនួនទៀត។ ភាគីវៀតណាម ប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង, រថយន្តវិស្វកម្មចំនួន១គ្រឿង, រថយន្ត១២កៅអី ១គ្រឿង និងបរិក្ខារផ្សេងៗ មួយចំនួន។ និងភាគីឡាវ ប្រើប្រាស់បរិក្ខារបាក់រលំអគារ មួយចំនួនផងដែរ។ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា បានឲ្យដឹងទៀតថា៖ ឆ្លងកាត់ការហ្វឹកហ្វឺនលើប្រធានបទ និងខ្លឹមសារខាងលើ យើងអនុវត្តបានយ៉ាងជោគជ័យទៅតាមផែនការ និងធានាបាននូវសន្តិសុខ សុវត្ថិភាពទាំងមនុស្ស និងសម្ភារៈ។ ក្រោយពីការធ្វើលំហាត់រួមគ្នាតាមខ្លឹមសារ ក្រុមការងារដឹកនាំលំហាត់ បានចាត់តាំងព្រឹត្តិការណ៍អម រួមមាន៖ ការប្រកួតកីឡាប្រដាប់អាវុធ ការទស្សនាវិមានឈ្នះៗ ការសម្តែងសិល្បៈកំសាន្តសប្បាយតាមប្រពៃណីវប្បធម៌របស់កម្ពុជា ជូនដល់កម្លាំងចូលរួមទស្សនា ការបង្ហោះគោម និងរាំកំសាន្តរួមគ្នា បង្កើតភាពជិតស្និតបង្កើនសាមគ្គីភាព រវាងកងទ័ពទាំងបីយ៉ាងអធឹកអធម។
ថ្លែងបិទលំហាត់ហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ឡាវ-វៀតណាម, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ ក្រសួងការពារជាតិកម្ពុជា មានមោទនភាពជាទីបំផុត ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា រវាងកងទ័ព កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៤នេះ នៅក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះ គ្រោះមហន្តរាយបាក់រលំអគារ» ក្នុងគោលបំណងធ្វើឲ្យកងទ័ពទាំងបីប្រទេស ទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និតថែមទៀត។ នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារកងទ័ពទាំងបីប្រទេស ដែលបានសហការគ្នាយ៉ាងជិតស្និត អនុព័ន្ធយោធាឡាវ វៀតណាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានខ.ភ.ម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំលំហាត់នេះដោយរលូន និងទទួលបានដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា៖ ជោគជ័យដែលសម្រេចបាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងបី ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនៈរួម ដែលរដ្ឋាភិបាលប្រទេសទាំងបីបានឯកភាពគ្នាពង្រឹងការប្រាស្រ័យទំនាក់ទំនងទៅវិញទៅមកកាន់តែស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការវិស័យយោធាឲ្យទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមនៅពេលអនាគត ៕

























































