ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានបន្តចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវបន្តទៀត ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម នាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងរដ្ឋមន្រ្តីការពារជាតិ ក្នុងប្រទេសអាស៊ាន ។

     ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ថា៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន បានផ្តល់ឱកាសយ៉ាងល្អដល់ប្រទេសចិន និង អាស៊ានក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ទៅលើវិស័យសន្តិសុខឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ទៀតថា៖ នៅក្នុងតំបន់ និងពិភពលោក បានជួបនឹងបញ្ហាប្រឈម បញ្ហាប្រពៃណី និងមិនប្រពៃណីជាច្រើនដែលបញ្ហាស្មុគស្មាញទាំងនេះបានផ្តល់ផលប៉ះពាល់សន្តិសុខ និង ស្ថិរភាពក្នុងតំបន់ ។ ក្នុងន័យនេះប្រទេសក្នុងអាស៊ានត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ការជឿជាក់ និងយោគយល់គ្នាដោយផ្អែកលើកការសាមគ្គីគ្នា ការជឿទុកចិត្ត និងរក្សាតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីបង្ហាញនូវមាគ៌ានៅក្នុងតំបន់ដោយឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ។

     ថ្លែងទៅកាន់កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន លើកទី ១៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក កិច្ចប្រជុំនេះ បង្ហាញពីការប្តេជ្ញាចិត្តជានិរន្តរ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ឯកឧត្តម បានបញ្ជាក់ថា៖ អាស៊ាន និងចិនមានទំនាក់ទំនង សហប្រតិបត្តិការជាយូរអង្វែងមកហើយក្នុងរយៈពេល៣៣ ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបានបន្តរីកចម្រើនកាន់តែខ្លាំងឡើង។ តាមរយៈលំហាត់សមយុទ្ធរួមគ្នាគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាព និងអន្តរកម្មយ៉ាងទៀងទាត់យើងបានសម្រេចជោគជ័យយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាសន្តិសុខរួម និងលើកកម្ពស់ការកសាងជំនឿទំនុកចិត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា៖ កម្ពុជាសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដែលបង្កឡើងដោយគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ជាពិសេសតាមរយៈជំនួយដ៏មានតម្លៃរបស់ចិនដល់បណ្តាប្រទេសជាសមាជិកអាស៊ានដែលរងផលប៉ះពាល់មួយចំនួន និងចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC)។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងក្តីសង្ឃឹមថា ៖ ប្រទេសចិននឹងបន្តឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព និងវិបុលភាព ដែលជាកត្តារួមចំណែកឱ្យបានកាន់តែច្រើនឡើងថែមទៀតដល់ការរក្សាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ