ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ និងកិច្ចប្រជុំដែលពាក់ព័ន្ធ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-18) បន្ទាប់ពី នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ថ្លែងសន្ទរកថាបើកកិច្ចប្រជុំដោយបានលើកឡើងពីសារសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរួចមក ថ្លែងក្នុងកិច្ចប្រជុំ ADMM លើកទី១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះក្រសួងការពារប្រទេសឡាវ ក្នុងការបំពេញកាតព្វកិច្ចជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងនាមជាប្រធានកិច្ចប្រជុំ ADMM និង ADMM-បូក ក្នុងឆ្នាំ២០២៤។ កិច្ចប្រជុំ ADMM លើកទី១៨ ក្នុងឱកាសនោះ បានអនុម័ត និងសម្រេចលើឯកសារសំខាន់ៗមួយចំនួន រួមមាន៖ ពិធីសារសម្រាប់អ្នកសង្កេតការណ៍ក្រុមការងារជំនាញ ADMM-បូក ដែលត្រូវបានសហការរៀបចំឡើងដោយប្រទេសឡាវ ហ្វីលីពីន និងសិង្ហបុរី ឯកសារយុទ្ធសាស្ត្រអនាគតរបស់ ADMM និង ADMM-បូក របស់ប្រ៊ុយណេ និងសិង្ហបុរី ដែលឯកសារនេះគូសបញ្ជាក់អំពីវិធីសាស្ត្រសម្លឹងទៅខាងក្រៅរបស់អាស៊ាន ដើម្បីជំរុញទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកជាមួយដៃគូខាងក្រៅ ខណៈដែលប្រកាន់ខ្ជាប់នូវមជ្ឈភាព និងការឯកភាពរបស់អាស៊ានជាស្នូល។
កិច្ចប្រជុំបានសម្រេចលើសំណើមួយចំនួន ដូចជា សំណើរបស់សហរដ្ឋអាមេរិក សុំរៀបចំលំហាត់លម្ហសមុទ្រសម្រាប់អាស៊ាន-អាមេរិក លើកទី២ ឆ្នាំ២០២៥។ សម្រេចលើការវាយតម្លៃការអនុវត្តកម្មវិធីសង្កេតការណ៍ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ និងសម្រេចលើសំណើសុំសង្កេតក្រុមការងារជំនាញ ADMM-បូក របស់ប្រទេសកាណាដា បារាំង និងអង់គ្លេស សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧។ កិច្ចប្រជុំក៏បានស្ដាប់របាយការណ៍របស់ឡាវ លើការប្រុងប្រៀបរបៀបវារៈ សម្រាប់កិច្ចប្រជុំ ADMM-បូក លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំបានអនុម័តសេចក្ដីប្រកាសរួមទីក្រុងវៀងចន្ទន៍ ស្ដីពីអាស៊ានរួមគ្នា ដើម្បីសន្តិភាព សន្តិសុខ និងភាពធន់ ដែលគូសបញ្ជាក់អំពីសារៈសំខាន់ នៃ ADMM និង ADMM-បូក ក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។ សេចក្ដីប្រកាសនេះបានរំឭកឡើងវិញនូវការប្រកាន់ខ្ជាប់ នូវគោលការណ៍នឹងគោលដៅសំខាន់ៗ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធីអេស៊ី (TAC) ក្នុងការពង្រឹងភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន និងរក្សាបាននូវនិម្មាបនកម្ម ដែលផ្អែកទៅលើច្បាប់ស្របតាមអន្តរជាតិ និងសម្រាប់ផលប្រយោជន៍ប្រជាជន ៕



























