សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ យូអិនធីភីភី(UNTPP) ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក Sardar Umar Alam តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីនេះ មានការចូលរួមគាំទ្រពីអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីសិក្ខាកាមអន្តរជាតិចំនួន៨ប្រទេសរួមមាន៖ កម្ពុជា បង់ក្លាដេស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងស្រីលង្កាការ។ ការហ្វឹកហ្វឺនដោយឈរលើពហុសសរស្ដម្ភចំនួន៣៖ ទី១.ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម, ទី២.ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងទី៣.សង្គ្រោះនៅលើទីលាន។ វគ្គហ្វឹកហ្វឺននាពេលនេះ មិនត្រឹមតែហ្វឹកហ្វឺនសិក្ខាកាមលើជំនាញតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការតម្រង់ទិស ឲ្យសិក្ខាកាមទាំងអស់ក្លាយទៅជាគ្រូបង្គោល សម្រាប់បង្វឹកដល់កម្លាំងវិស្វកម្មត្រៀមចេញបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ជាពិសេសដើម្បីធ្វើបទឧទ្ទេសនាមដល់សិក្ខាកាមជាតិ អន្តរជាតិ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិច និងគ្រូជំនួយនៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការបង្រៀននៅលើទីលាន។
ថ្លែងនៅក្នុងពិធីបើកវគ្គ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា៖ ឆ្នាំនេះកម្ពុជាបន្តបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ រៀបចំធ្វើជាម្ចាស់ផ្ទះ នៃវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ ហើយជាពិសេសនោះគឺជាមួយ នៃសសរស្ដម្ភទាំង៣ ស្ដីពីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ ត្រូវបានយកមកអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ពោលគឺសិក្ខាកាមជាតិ និងអន្តរជាតិត្រូវបានបង្រៀនដោយយោធាចារ្យពហុជាតិលើជំនាញ៣ក្នុងពេលតែមួយ ក្នុងគោលបំណងបង្កើននូវប្រសិទ្ធភាព អនុវត្តភារកិច្ចក្នុងតំបន់បេសកកម្ម កាត់បន្ថយគ្រោះថ្នាក់បង្កឡើងដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពង្រឹងវិធីសាស្ត្រសង្គ្រោះបឋម នៅពេលមានឧប្បតិ្តហេតុកើតឡើងដោយចៃដន្យណាមួយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរំឭកឡើងវិញអំពីស្នាដៃរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អតីតអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលលោកបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលជាច្រើន បន្សល់ទុកមកដល់នឹងពេលនេះ លើការងាររក្សាសន្តិភាពរបស់កងកម្លាំងកម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ ឯកឧត្តម ទៀ សីហា បានសម្ដែងនូវក្ដីសង្ឃឹមថា តាមរយៈវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីនេះ ទាំងសិក្ខាកាមទាំងយោធាចារ្យ នឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរចំណេះដឹង ធ្វើយ៉ាងណាឲ្យយោធិនជាសិក្ខាកាមទាំងអស់មានចំណេះដឹង ក្នុងការប្រើប្រាស់ជំនាញវិជ្ជាជីវៈ នៅតាមតំបន់បេសកកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោក Sardar Umar Alam តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមទាំងគណៈអធិបតីទាំងអស់ បានអញ្ជើញទៅទស្សនាការដាក់តាំងបង្ហាញគ្រឿងចក្របច្ចេកទេស សម្ភារៈហ្វឹកហ្វឺន និងបានទៅទស្សនាសកម្មភាពហ្វឹកហាត់របស់សុនខហិតមីន ត្រួតពិនិត្យអគារសិក្សា អគារស្នាក់នៅរបស់សិក្ខាកាម កន្លែងទទួលទានអាហារ និងហេដ្ឋារចនាសម្ព័ន្ធនានា និងអគារតេជោសន្តិភាព។
សូមបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្ម រក្សាសន្តិភាព អង្គការសហប្រជាជាតិ សរុបចំនួន៩៨២១នាក់ នៅក្នុងនោះមាននារីចំនួន៨៥៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, សាយព្រឹស, ស៊ីរី, យេម៉ែន និងសាធារណរដ្ឋកុងហ្គោ។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន៦២៧នាក់ នៅក្នុងនោះនារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ និងមួយតំបន់ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង, តំបន់រីសលអាប់ហ៊្យែ, លីបង់, អាហ្វ្រិកកណ្ដាល និងសាធារណរដ្ឋកុងហ្គោ ៕
















































