នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយនឹងប្រតិភូក្រសួងស្ថាប័នរដ្ឋជាច្រើនស្ថាប័ន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំឭកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ២០២៤ និងអបអរសាទរទិវានៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ និងបានអញ្ជើញបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមហាជន និងប្រជាជន នៅទូទាំងប្រទេសកម្ពុជា ត្រូវបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបលើកទី៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា បានរំឭកឲ្យឃើញអំពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ យើងទាំងអស់គ្នា សូមគោរពដោយការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានថែរក្សាការពារ និងអភិវឌ្ឍន៍កម្ពុជារីកចម្រើនល្អផូរផង់មកទល់នឹងសព្វថ្ងៃនេះ ៕















































