នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការអន្តរក្រសួង បានដឹកនាំអនុគណៈកម្មការជំនាញ ចុះពិនិត្យទីតាំងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងពិនិត្យមើលកម្លាំងហ្វឹកហាត់ក្បាច់គុណកងយោធពលខេមរភូមិន្ទ នៅតំបន់ភ្នំត្មាតពង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ កងកម្លាំងជំនាញវិស្វកម្មក្រសួងការពារជាតិ សហការជាមួយ និងកងកម្លាំងជំនាញស្ថាប័នកងរាជអាវុធហត្ថ កងកម្លាំងជំនាញសង្គ្រោះគ្រោះមហន្តរាយរបស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានកំពុងមមាញឹកកសាងសំណង់សប្បនិម្មិត នៃអគារបាក់រលំ សំណង់បេតុងសម្រាប់ទីលាន វេទិកាក្នុងពិធីបើក និងបិទសមយុទ្ធ និងទីលានសម្រាប់បោះតង់ចល័តផ្នែកសុខាភិបាលសង្គ្រោះ ដែលបាននិងកំពុងធ្វើសកម្មភាពសាងសង់សំណង់ទាំងនោះយ៉ាងមមាញឹក ដោយធ្វើយ៉ាងណាសម្រេចបានទាន់ពេលវេលា តាមផែនការកំណត់ សម្រាប់បម្រើឲ្យសកម្មភាព នៃការរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាកងទ័ពបីប្រទេសកម្ពុជា-វៀតណាម-ឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមបញ្ជាក់ថា៖ លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា កងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ ធ្វើឡើងលើប្រធានបទ «សង្គ្រោះគ្រោះមហន្តរាយនៃការបាក់រលំអគារ, ការងារមនុស្សធម៌លើផ្នែកសុខាភិបាលសង្គ្រោះគ្រោះមហន្តរាយ និងការប្រកួតកីឡាយោធា រវាងកងទ័ព៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម» ដែលមានកម្លាំងទ័ពចូលរួមធ្វើលំហាត់ភាគីកម្ពុជាប្រមាណជា៨៦៣នាក់, កម្លាំងកងទ័ពប្រជាជនឡាវ ប្រមាណជា៦២នាក់ និងកងទ័ពប្រជាជនវៀតណាមប្រមាណជា៦២នាក់ ផងដែរ។ ជាមួយនិងកម្លាំងចូលរួមកងទ័ពទាំងពីរប្រទេសនេះដែរ ប្រទេសឡាវ និងវៀតណាម ក៏មានកីឡាករសម្រាប់ចូលរួមប្រកួតកីឡាយោធារបស់ខ្លួន ចូលរួមប្រកួតជាលក្ខណៈមិត្តភាពសម្រាប់ប្រទេសនីមួយៗចំនួន១២នាក់។
បើតាមសេចក្តីរាយការណ៍របស់គណៈកម្មការសាងសង់ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ការងារសាងសង់សំណង់សប្បនិម្មិត នៃការបាក់រលំអាគារ និងទីលានសម្រាប់តង់ចល័តផ្នែកសុខាភិបាលសង្គ្រោះគ្រោះអន្តរាយ សាងសង់បានប្រមាណជា៨០%ហើយ ហើយក្រុមការងារ នឹងសម្រេចជាស្ថាពរនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ដោយឡែកសម្រាប់ការហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ នៅឯតំបន់ភ្នំត្មាតពង ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏បានកំពុងតែមមាញឹកហ្វឹកហាត់យ៉ាងសកម្ម នៅក្បាច់គុណរបស់កងយោធពលខេមរភូមិន្ទ និងក្បាច់គុននានា ដែលជាក្បាច់គុនបុរាណខ្មែរបន្សល់ទុកដោយបុព្វបុរសខ្មែរជំនាន់មុន ដើម្បីត្រៀមសម្ដែងជូនដល់ថ្នាក់ដឹកនាំកងទ័ពទាំងបីប្រទេស ក្នុងពិធីបើក និងបិទលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាកងទ័ព៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម។

ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំសាងសង់សំណង់សិប្បនិម្មិតសម្រាប់បម្រើឲ្យការសកម្មភាពធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា កងទ័ពទាំងបីប្រទេស នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅក្នុងខេត្តកំពង់ឆ្នាំង និងពិនិត្យមើលកងកម្លាំង កំពុងហ្វឹកហាត់ក្បាច់គុណកងយោធពលខេមរភូមិន្ទ នៅតំបន់ភ្នំត្មាតពង នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា៖ ការធ្វើលំហាត់សមយុទ្ធរួមគ្នាកម្ពុជា-វៀតណាម-ឡាវ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៤នេះ នឹងបានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំង៣ប្រទេស ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ លើមូលដ្ឋានកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ការធ្វើលំហាត់នេះ ក៏ដើម្បីចែករំលែកចំណេះដឹង ចំណេះធ្វើ ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រសួងការពារជាតិ នៃប្រទេសទាំងបី ដោយឈរលើស្មារតីគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី តាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំឲ្យស្ថាប័នជំនាញពាក់ព័ន្ធដែលកំពុងសាងសង់ យកចិត្តទុកដាក់សាងសង់ និងរៀបចំឲ្យបានទាន់ពេលវេលា និងមានគុណភាព ព្រោះពេលវេលានៃកិច្ចដំណើរការប្រារព្ធពិធី នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា កងទ័ពទាំងបីប្រទេសកម្ពុជា-ឡាវ-វៀតណាម នឹងឈានចូលមកដល់នាពេលខាងមុខនេះ ដូច្នេះអស់លោកត្រូវពន្លឿនការសាងសង់ឱ្យបានលឿន បានទាន់ពេលវេលា និងការកំណត់។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ អនុប្រធានប្រចាំការនៃគណៈកម្មការអន្តរក្រសួង ក៏បានរំលឹកដល់កម្លាំងដែលកំពុងហ្វឹកហាត់សម្ដែងក្បាច់គុណកងយោធពលខេមរភូមិន្ទទាំងអស់ ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់សម្ដែងកាយវិការក្បាច់គុណឲ្យបានស្រុះៗគ្នា ទាំងអ្នកបញ្ជា និងអ្នកសំដែង។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ បើការហ្វឹកហាត់សម្ដែងក្បាច់គុណកងយោធពលខេមរភូមិន្ទរបស់យើង ធ្វើទៅបានល្អ ស្រុះៗគ្នានោះ មុខមាត់កិត្តិយសរបស់កងឯកភាពរបស់ខ្លួន ហើយក៏ជាមុខមាត់កងយោធពលខេមរភូមិន្ទផងដែរ ហើយក៏ជាមុខមាត់កិត្តិយសរបស់ប្រទេសជាតិផងដែរ នៅពេលយើងសម្ដែងបានល្អ ស្រុះៗគ្នា ជូនដល់ប្រតិភូថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសដែលចូល ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាកងទ័ពទាំងបីប្រទេស ក៏លើកសរសើរអំពីសមត្ថភាព និងវិន័យរបស់កងទ័ពកម្ពុជា ដែលជាម្ចាស់ផ្ទះ នៃកម្មវិធីនេះ។ តាមរយៈនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅពេលនេះផងដែរ ឯកឧត្តម សង្ឃឹមជឿជាក់ថា ក្រុមការងារ និងអនុវត្តបានប្រកបដោយជោគជ័យ ៕









































