អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីខួប១៦ឆ្នាំ ២០០៨-២០២៤ នៃការបង្កើតអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការការប្រចាំការ ក្រសួងការពារជាតិ។
ក្នុងសុន្ទរកថាស្វាគមន៍របស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានឲ្យដឹងថា៖ នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយភាពជោគជ័យ ក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកឡើងផងដែរអំពីការប្រែប្រួលយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មាន នៅក្នុងសភាពការណ៍ នៃការវិវឌ្ឍលឿននៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងកិច្ចការប្រវត្តិសាស្ត្រយោធា ជារួមគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីខួប១៥ឆ្នាំ អគ្គនយោបាយ និងកិច្ចការបរទេស។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន ក្នុងនាមអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានសម្តែងនូវការអបអរសាទរ និងថ្លែងការកោតសរសើរចំពោះការបំពេញកិច្ចការងាររបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ និងបានវាយតម្លៃខ្ពស់ ចំពោះការងាររយៈពេល១ឆ្នាំពេញកន្លងមកនេះផងដែរ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា៖ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន ពិតជាទីតាំងមួយដែលកំពុងលេចធ្លោនូវសុខសន្តិភាពជាងតំបន់ដទៃ ស្ដីពីការមិនជ្រៀតជ្រែកការឯកភាព កុងសង់ស៊ីស មច្ចភាពអាស៊ាន ក៏ក្លាយទៅជាមូលដ្ឋាន និងតួនាទីដ៏សំខាន់ ដែលមានការចាប់អារម្មណ៍រៀបចំគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្ដម ចាយ សាំងយុន បានបញ្ជាក់ថា៖ សភាពការណ៍ទាំងអស់នៅក្នុងពិភពលោក ដូចបានលើកឡើងគ្រប់ប្រទេសបង្ហាញនូវគុណតម្លៃពិតប្រាកដ នៃសន្តិភាព កាន់តែបង្ហាញសេចក្ដីត្រូវការយ៉ាងខ្លាំងក្លា នូវការការពារសន្តិភាពដែលមាន និងជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបានមកពីនយោបាយឈ្នះឈ្នះ តេជោសែន និងជាស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករស្នូលទាំងអស់។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការដឹងគុណកតញ្ញូ ហើយក៏សូមប្ដេជ្ញាថែរក្សាសន្តិភាព ការឯកភាពជាតិពេញលេញនេះបន្តទៅទៀត និងវិធានការគ្រប់តម្លៃ ដែលត្រូវប្រើប្រាស់ ដើម្បីជាមរតកប្រវត្តិសាស្ត្ររយឆ្នាំរបស់កម្ពុជា ហើយទាំងអ្នកដែលបានស្គាល់រសជាតិសង្គ្រាម និងអ្នកជំនាន់ក្រោយ មិនដែលបានស្គាល់ភ្លក្សរសជាតិសង្គ្រាម ក៏បានមើលឃើញយ៉ាងច្បាស់លាស់ នូវសោកនាដកម្ម និងគ្រោះមហន្តរាយដ៏ធំធេង នៃសង្គ្រាមទាំងគ្រប់បែបយ៉ាង និងពិសេសទៀតនៅក្នុងបរិបទនេះផងដែរ ការប្រើប្រាស់អាវុធយុទ្ធភណ្ឌ ការប្រើប្រាស់គ្រប់វិស័យទំនាក់ទំនង យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ និងមធ្យោបាយគ្រប់បែបយ៉ាង ទាំងដែលមិនធ្លាប់មាន។ ពិនិត្យឡើងអំពីសភាពការណ៍ទាំងអស់នេះ ត្រូវបានបង្ហាញតាមព័ត៌មានគ្រប់រូបភាព ត្រូវបានបង្ហាញផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយនៅក្នុងការរីកចម្រើនក្នុងផ្នែកផ្សេងទៀត ដូចជានៅក្នុងវិធានបញ្ញាសិប្បនិម្មិតអេអាយ(AI) ទាំងអស់គ្នាពិតជាបានទទួលគ្រប់បែបយ៉ាងផងដែរ ៕
















































