ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។
ឯកឧត្តម ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា បានជម្រាបជូនថា៖ គណៈប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៨ មានសមត្ថភាពយុវជនចំនួន១៦រូប នឹងធ្វើដំណើរទៅកាន់ប្រទេសចំនួន៣គឺ ប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តម បានបន្តថា៖ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ ដោយឡែកព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាផ្លូវការនៅក្នុងឆ្នាំ២០០០ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ តែកម្ពុជាបានចូលរួមជាប្រទេសសង្កេតការណ៍ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។
មានប្រសាសន៍ផ្ដាំផ្ញើក្នុងឱកាសនោះ ឯកឧត្ដម ជៀង អំ បានផ្តាំផ្ញើនូវការនឹករឭក និងសាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ ទៀ សីហា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះគណៈប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨។ ក្នុងនោះឯកឧត្តមបានថ្លែងថា៖ គណៈប្រតិភូយុវជនកម្ពុជាធ្លាប់បានចូលរួមជាច្រើនលើក និងច្រើនសារួចមកហើយ ហើយនឹងធ្លាប់មានបទពិសោធហើយផងដែរ។ ឯកឧត្ដម ជៀង អំ បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ត្រូវបានការយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យដល់បណ្ដាប្រទេសចូលរួម នឹងទៅដល់ឲ្យបានយល់ដឹងពីប្រទេសកម្ពុជា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះអំពីសុខសន្តិភាព ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្នយ៉ាងពេញលេញ និងបរិបូរណ៍ មានស្ថេរភាពនយោបាយ និងកំពុងមានការអភិវឌ្ឍ។ ទន្ទឹមនឹងនេះក៏ត្រូវជម្រាបជូនភាគីមិត្តរបស់យើង ឲ្យបានយល់ជ្រាបអំពីប្រពៃណី វប្បធម៌ដ៏ផូរផង់ និងអារ្យធម៌ដ៏រុងរឿងរបស់កម្ពុជា ដែលកើតមានតាំងពីបរមបុរាណនោះ គឺមានប្រាង្គប្រាសាទដ៏ល្បីល្បាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ និងនៅលើពិភពលោក ៕

































