ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ, នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងនាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រសួងការពារជាតិអូស្ត្រាលី រៀបចំធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ «11th ADMM-Plus EWG on Cyber security» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមព្រីសអង្គរ រីសត & ស្បា(Empress Angkor Resort & Spa) នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំធ្វើជាសហប្រធាន ដោយឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ (តំណាងក្រសួងការពារជាតិកម្ពុជា) និងឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) អគ្គនាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ និងជាមេបញ្ជាការបម្រុង បញ្ជាការដ្ឋានសាយប័រ (តំណាងក្រសួងការពារជាតិអូស្ត្រាលី) ដោយមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិក ADMM-បូក ប្រទេសទីម័រខាងកើត (ចូលរួមជាអ្នកសង្កេតការណ៍) មជ្ឈមណ្ឌលឧត្តមភាពទិន្នន័យ និងសន្តិសុខសាយប័រ និងលេខាធិការដ្ឋានអាស៊ាន។
ថ្លែងក្នុងពិធីបើក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានសម្តែងការស្វាគមន៍ចំពោះប្រតិភូ ដែលបានអញ្ជើញចូលរួម និងអរគុណដល់សហប្រធានអូស្ត្រាលី ចំពោះការចូលរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដល់ដំណើរការកិច្ចប្រជុំដោយរលូន និងផ្លែផ្កា។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានលើកឡើងអំពីប្រវត្តិ និងសមិទ្ធិផលរបស់សហប្រធានជុំទី១ និងសហប្រធានជុំទី២ នៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ដែលសម្រេចបានកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានប្រតិភូដែលបានចូលរួម ដែលជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់នឹងការគំរាមកំហែងសន្តិសុខសាយប័រ ដែលជាបញ្ហាប្រឈមសកល ដែលកំពុងបន្តកើតមាន។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី Michael REIDY ដែលជាសហប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណដល់សហប្រធានកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះប្រតិភូអូស្ត្រាលី និងប្រតិភូ ផ្សេងទៀតដែលបានចូលរួម។ ឧត្តមសេនីយ៍ត្រី Michael REIDY បានជម្រាបជូនអង្គប្រជុំអំពីផែនការ នៃការធ្វើលំហាត់រួមគ្នា រវាងក្រុមការងារជំនាញចំនួន៣ដូចជា៖ សន្តិសុខសាយប័រ វេជ្ជសាស្ត្រយោធា ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ នៅឆ្នាំចុងក្រោយនៃផែនការជុំទី៣ (ឆ្នាំ២០២៤-២០២៧)។
បន្ទាប់ពីពិធីបើកជាផ្លូវការ សហប្រធានទាំង២ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា និងការចូលរួមធ្វើបទបង្ហាញចែករំលែក បទពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់សមាជិកចូលរួម ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបានគ្រោងទុក។ នៅក្នុងដំណើរការកិច្ចប្រជុំ សមាជិកអង្គប្រជុំក៏បានពិភាក្សា និងផ្តល់ធាតុចូលលើការស្ទង់មតិ អំពីតម្រូវការសម្រាប់ការអភិវឌ្ឍថ្នាល (Web Portal) ដើម្បីជំរុញឱ្យថ្នាលនេះ អាចដំណើរការបានប្រកបដោយនិរន្តភាព និងឆ្លើយតបពីតម្រូវការជាក់ស្តែងរបស់បណ្តាប្រទេសចូលរួម។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក សមាជិកប្រតិភូទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រាសាទអង្គវត្ត និងប្រាសាទតាព្រហ្ម ដើម្បីឈ្វេងយល់ពីវប្បធ៌ម ប្រពៃណី និងស្ថាបត្យកម្មដ៏រុងរឿងនៃសម័យអង្គរផងដែរ ៕




















