នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលីតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានកោតសរសើរអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៅលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អូស្ត្រាលី និងកម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត ហើយគាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចLDC នៅឆ្នាំ២០២៩ និងគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចិរភាពរបស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា បានអបអរសាទរ ឯកឧត្តម Derek Yip ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា និងបានអរគុណអូស្ត្រាលី ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាពនារយៈពេលកន្លងមក និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណផងដែរ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្ត្រាលី ដែលតែងតែជួយគាំទ្រកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពកន្លងមក។ អូស្ត្រាលីក៏ជាប្រទេសទី១ ដែលបានផ្តល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន នាយទាហានសេនាធិការ សង្កេតការណ៍ និងបានជួយជ្រោមជ្រែងកម្ពុជា ក្នុងការបញ្ជូនកងលេខ១៣៥ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។ រហូតមកដល់បច្ចុប្បន្ន អូស្ត្រាលីបានផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេសសរុបចំនួន២៥វគ្គ មានសិក្ខាកាមចូលរួមប្រមាណជាង១៥៤នាក់។
ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា៖ ឆ្នាំ២០២៤នេះ គឺជាឆ្នាំខួបលើកទី៧២ នៃទំនាក់ទំនងការទូតអូស្ត្រាលី និងកម្ពុជា ជាពិសេសជាឆ្នាំដៅខួបលើកទី៣២ ដែលកម្ពុជាធ្លាប់ទទួលទាហានមួកខៀវ អង្គការសហប្រជាជាតិ នៅក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពអូស្ត្រាលីជាង៥០០នាក់ មន្ត្រីជាន់ខ្ពស់ និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿង ជួយគាំទ្រ និងពង្រឹងបេសកកម្ម អ៊ុនតាក់ នៅកម្ពុជា ដោយមានការដឹកនាំដោយ ឧត្តមសេនីយ៍ឯក ចនសាន់ ឌឺសុន មេបញ្ជាការបេសកកម្ម អ៊ុនតាក់ ដែលជាជនជាតិអូស្ត្រាលី ហើយក៏ចងចាំនូវគុណូបការៈនេះជាដរាបរៀងមក។ តាមរយៈនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកសេនានុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានស្នើបន្តជួយបណ្ដុះបណ្ដាលផ្នែកជំនាញដល់កងទ័ពជើងគោក ជើងទឹក ជើងអាកាស របស់កងយោធពលខេមរភូមិន្ទបន្តទៀត ដើម្បីកងយោធពលខេមរភូមិន្ទ មានគ្រប់លទ្ធភាពក្នុងការបំពេញភារកិច្ចការពារជាតិ ការពារអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួនបានរឹងមាំ ៕



















