នៅទីស្តីការក្រសួងការពារជាតិ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនដល់នាយទាហានជាន់ខ្ពស់ ចំណុះក្រសួងការពារជាតិ ចំនួន៤រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចកន្លងមក។ អញ្ជើញចូលរួមក្នុងឱកាសនោះ ក៏មានឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អគ្គបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ និងនាយទាហានតាមកងឯកភាពចំណុះជាច្រើន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានអានព្រះរាជក្រឹត្យស្ដីពីការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ ក្នុងការផ្លាស់ប្ដូរមុខតំណែង នាយទាហានក្រសួងការពារជាតិ ដែលបានសម្រេច៖
១.ប្រកាសតែងតាំងលោកជំទាវឧត្តមសេនីយ៍ឯក ជុំ ស៊ីណា ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ
២.ផ្លាស់ប្ដូរមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿន សុខុន ផ្លាស់ពីមេបញ្ជាការយុទ្ធយោធភូមិភាគទី៣ មកជារដ្ឋលេខាធិការ ក្រសួងការពារជាតិ
៣.ឧត្តមសេនីយ៍ឯក ឌី ផេន មកជារដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤.បំពាក់ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ជូនឧត្តមសនីយ៍ទោ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនៅការកោតសរសើររាល់ស្នាដៃរបស់ឯកឧត្តម ជានាយទាហាន ដែលជាថ្នាក់ដឹកនាំក្រសួងការពារជាតិ និងដែលកន្លងមកបានខិតខំបំពេញភារៈកិច្ចក្នុងការងារបម្រើកងយោធពលខេមរភូមិន្ទទូទាំងប្រទេស ឲ្យមានមនសិការ និងឆន្ទៈខ្ពស់ ចំពោះកិច្ចការបម្រើជាតិមាតុភូមិ ដោយសម្រេចបានលទ្ធផលល្អ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដែលបានប្រគល់ជូន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការតែងតាំងផ្លាស់ប្ដូរមុខតំណែងនាពេលនេះ សបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការពារជាតិ មានជំនឿទុកចិត្តមកលើនាយទាហាន ដែលធ្លាប់បានបំពេញភារៈកិច្ច និងកាតព្វកិច្ចការពារជាតិ និងមានស្មារតីអង់អាចក្លាហានមោះមុត ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ការពារប្រជាជន ឲ្យរស់នៅបានសុខសន្តិភាព ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន ដែលអនុវត្តឲ្យបានម៉ឺងម៉ាត់ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដែលបានប្រគល់ឲ្យ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់បន្តទៀតថា៖ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៧នោះ គឺទាមទារឲ្យកងទ័ពយើងម្នាក់ៗ មានសមត្ថភាពខ្ពស់ ក្នុងការងារជំនាញរបស់ខ្លួន ដែលកំពុងបំពេញភារៈកិច្ច ពោលគឺទាមទារឲ្យកងទ័ពយើងមានកម្រិតចំណេះដឹង ទោះសម្បូរទៅដោយធនធានមនុស្សល្អៗ ដើម្បីរួមចំណែកធ្វើឲ្យកងទ័ពមានភាពជឿនលឿន ដូចបណ្តាប្រទេសនានា ក្នុងតំបន់ និងនៅលើសកលលោកផងដែរ ៕






















