នាយ​​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ា​ត់ ​អនុ​ប្រធាន​ប្រចាំ​ការ​ នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដឹក​នាំ​ក្រុម​នាំ​មុខ​ក្រសួង​ការ​ពារ​ប្រទេស ​ឡាវ ​និង​វៀត​ណាម ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ធ្វើ​ លំហាត់​ហ្វឹក​ហ្វឺន​រួម​​ រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​តុលា ​ឆ្នាំ​២០២៤ ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចំរុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​អនុ​ប្រធាន​ប្រចាំ​ការ​ នៃ​គណៈកម្មការ​អន្តរ​ក្រសួង ​ដឹក​នាំ​ក្រុម​នាំ​មុខ​ក្រសួង​ការ​ពារ​ប្រទេស ​ឡាវ ​និង​វៀត​ណាម ​អម​ដំណើរ​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ស៊ុម​ផន​ មីតាក់​ផន​ អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ កង​ទ័ព​ប្រជា​ជន​ឡាវ​ តំណាង​ភាគី​កង​ទ័ព​ឡាវ​, ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ទោ ​ង្វៀន ចុងប៊ីញ អនុ​ប្រធាន​អគ្គ​សេនា​ធិការ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ តំណាង​ភាគី​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​ រវាង​កង​ទ័ព​បី​ប្រទេស ​កម្ពុជា​-​ឡាវ​-​វៀតណាម ​ឆ្នាំ​២០២៤​  ដែល​ភាគី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​ជុំ​សែន​រីក​រាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំង​។

       សូម​ជម្រាប​ថា៖​ នៅ​ព្រឹក​នេះ ​នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ ដែល​ជា​អនុ​ប្រធា​ន​ប្រចាំ​ការ​ នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដឹក​នាំ​ក្រុម​នាំមុខ​ក្រសួង​ការពារ​ប្រទេស ​ឡាវ ​និង​វៀត​ណាម​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ដោយ​ផ្ទាល់​​កន្លែង​សម្រាប់​ពិធីបើក-បិទ​ ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​រវាង​កង​ទ័ព​ទាំង​បី​ប្រទេស​ នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ ដែល​នៅ​ទីនោះ​ ក៏​ពិនិត្យ​មើល​ផងដែរ​ ទី​តាំង​លំហាត់​នៃ​សកម្ម​ភាព​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នៃ​ការ​បាក់​រលំ​អាគារ,​ ទីតាំង​សម្រាប់​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខា​ភិបាល​ រួមនិ​ង​ទីតាំង​នៃ​ការ​ប្រកួត​កីឡា​យោធា​ ហើយ​ក៏​នឹង​ពិនិត្យ​មើល​ផង​ដែរ​ ទីតាំង​សម្រាប់​ពិធី​ជួប​សំណេះ​សំណាល​របស់​ថ្នាក់​រដ្ឋមន្ត្រី​ទាំង​បី​ប្រទេស​ជា​មួយ​នឹង​មហា​ជន ​លោក​គ្រូ អ្នកគ្រូ សិក្សានុ​សិស្ស នៅ​ក្នុង​វិទ្យាល័​យ​ទេព​ប្រណម្យ​ ស្ថិត​ក្នុង​ភូមិ​កំពង់​លួង ​ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​ ផង​ដែរ​។ ដោយ​ឡែក ​នៅ​មាន​ទីតាំង​មួយ​កន្លែង​ទៀត​ ស្ថិ​ត​ក្នុ​ង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​គឺ​ជា​ទីតាំង​សម្រាប់​ការ​ប្រារព្ធ​ពិធី​បើក​ និង​បិទ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​បី​ប្រទេស ​កម្ពុជា​-​ឡាវ​-​វៀត​ណាម​។

       ជា​មួយ​គ្នា​នេះដែ​រ ​ក្នុង​ខណៈ​ពេល​ចុះ​ពិនិត្យ​មើល​ទីតាំង​សម្រាប់​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺ​នរួម​គ្នា​ លើ​សកម្ម​ភាព ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ នៃ​ការ​បាក់​រលំ​អាគារ​ និង​កន្លែង​ប្រារព្ធ​ពិធី​បើក​ និង​បិទ​លំហាត់។​ បរិវេណ​នៃ​ការ​ប្រកួត​កីឡា​យោធា ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជុំ​សែន​រីក​រាយ​ គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​ រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​ ឡាវ ​វៀតណាម ​បាន​ឯកភាព​គ្នា​ ថា​អាច​ទទួល​យក​បាន​ និង​សម​ស្រប​តាម​ស្ថាន​ការណ៍​ និង​បរិយា​កាស​ល្អ​ប្រសើរ ​ហើយ​ក៏​ជា​ទីតាំង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ដោយ​ឡែក​ទី​តាំង​សម្រាប់​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ទាំង​បី ​កម្ពុជា​-​ឡាវ​-​វៀតណាម ​ជួប​សំណេះ​សំណាល​ និង​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​ ជា​មួយ​មហា​ជន​ ប្រជាជន ​លោក​គ្រូ ​អ្ន​កគ្រូ ​សិក្សា​នុ​សិស្ស​ នៅ​ទីតាំង​ក្នុង​វិទ្យាល័​យ​ទេព​ប្រណម ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​ គឺ​ពិត​ជា​ទី​តាំង​មួយ​ ដ៏​ល្អ​បំផុត​ ដែល​អាច​បញ្ជាក់​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ដល់​ប្រតិភូពី​ប្រទេស​ ឡាវ​-​វៀតណាម​ បាន​យល់​បាន​ដឹង​អំពី​កំណរ​កំណើត​ទឹក​ដី​ ដែល​ជា​ទីក្រុង​ដ៏​ចំ​ណាស់​តាំង​ពី​សម័យ​បុរាណ​របស់​កម្ពុជា​ ដែល​អាច​ទាក់​ទាញ​ទាំង​ផ្នែក​ទេសចរណ៍​បរទេស​ ឲ្យ​ស្គាល់​តំបន់​នេះ​ កាន់​តែ​ច្បាស់​ និង​ម្យ៉ាង​ក៍​ដើម្បី​ផ្សារ​ភ្ជាប់​ពី​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្តភាព ​កិច្ច​សហប្រតិបត្តិការ ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ-​វៀតណាម ​ដែល​មាន​ទំនាក់​ទំនង​និង​គ្នា​យ៉ាង​ស្អិត​រមួត ​ជា​បង​ប្អូន ​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា​ ដែ​ល​តាំង​ពី​យូរ​ល​ង់​ណាស់​មក​ហើយ ​តែង​តែបានផ្សារ​ភ្ជាប់​ និង​ចេះ​ជួយ​គ្នា​គ្រ​ប់​កាលៈ​ទេសៈ​នៃ​ការ​លំបាក ​រហូត​ប្រទេស​ជាតិ​មាន​ឯករាជ្យ​ អធិប​តេយ្យ​ភាព​ ពិត​ប្រាកដ​ ក្រោ​ម​ម្លប់​នៃ​សន្តិភាព​។

       ឯកឧត្តម​ ឥត​ សារ៉ាត់ ​បាន​បញ្ជាក់​ថា៖​ ក្នុង​លំហាត់​សម​យុទ្ធ​រួម​គ្នា​នេះ ​គណៈ​កម្មការ​ជំនាញ​បាន​រៀបចំ​កម្លាំង​កង​ទ័ព​​ទាំង​បី​ប្រទេស​ចូល​រួម​សរុប ​៦៨៧​នាក់​ ក្នុង​នោះរួ​ម​មាន​កម្លាំង​កង​ទ័ព​កម្ពុជា​ចូល​រួម​ក្នុង​លំហាត់ ​៥៦៣​នាក់,​ កង​ទ័ព​ឡាវ ​៦២នា​ក់ និង​កង​ទ័​ពប្រជាជន​វៀត​ណាម​ ចូល​រួម​ប្រមាណជា ​៦២​នាក់​ផង​ដែរ​។​ នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ ក៏​បាន​បញ្ជាក់​ដែរ​ថា៖ ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​កង​ទ័ព​ទាំង​បី​ប្រទេស ​កម្ពុជា​-​វៀតណាម​-​ឡាវ ​នា​លើក​នេះ​ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំង​បី ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀត​ណា​ម និង​ការ​ធ្វើ​លំហាត់​រួម​គ្នា​លើ​ក​ទី​មួយ ​រវាង​កង​ទ័ព​ទាំង​បី​ប្រទេស​ នៅ​ទី​ក្រុង​រៀន​ច័ន្ទ​ប្រទេស​ឡាវ។ ឯក​ឧត្តម​បញ្ជាក់​ថា៖​ ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​​ទាំង​បី​ប្រទេសកម្ពុ​ជា វៀត​ណាម ​និងឡាវ នា​ឆ្នាំ​នេះ​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក៏​នឹង​មាន​ការ​រៀប​ចំ​ខ្លឹម​សារ​សម​យុទ្ធ​ ជា​កម្លាំង​ទ័ព​ពិ​ត​ ធ្វើ​ការ​ចល័ត​តាម​ទីតាំង​ដោយ​ផ្សារ​ភ្ជាប់​ និង​ស្ថាន​ភាព​ជាក់​ស្ដែង​ ព្រម​ទាំង​បាន​បែង​ចែក​ជា​ដំណាក់​កាល​នីមួយៗ ​ទៅ​តាម​ភាព​ជាក់​ស្ដែង​។​ គណៈ​កម្មការ​អន្តរ​ក្រសួង ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ កិច្ច​ដំណើរការ​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ​ និង​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ និង​ជោគ​ជ័យ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ