កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ មានបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងអនុវត្ត លក្ខន្តិកៈទូទៅចំពោះយោធិន ខ.ភ.ម, បទវិន័យទូទៅសំរាប់ ខ.ភ.ម និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ឱ្យដល់នាយទាហាន នាយទាហានរង និងពលទាហាន មកពីបណ្ដាស្ថាប័នផ្ទៃក្នុងចំណុះកងទ័ពទាំងបីប្រភេទ និងផ្ទៃក្នុងស្ថាប័នចំណុះក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សុភត្រា រដ្ឋលេខាធិការក្រសួងការពារជាតិ។
យោងតាមបទបង្ហាញនៃសារាចរណែនាំលេខ ០០៣ នៃច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ដែលបកស្រាយដោយលោកវរសេនីយ៍ឯក ខុន សំអាត បានបញ្ចាក់ថា៖ កងយោធពលខេមរភូមិន្ទ ជាកងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជន។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារ កសាងជាតិ មាតុភូមិ ដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ឬមានគ្រោះមហន្តរាយ។ ដើម្បីអនុវត្តច្បាប់ស្ដីពីលក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរមិន្ទ និងអនុក្រឹត្យស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានប្រសិទ្ធភាព យោធិននៃកងយោធពលខេមរភូមិន្ទ ត្រូវគោរពវិន័យឲ្យបានម៉ឺងម៉ាត់ មានភក្តីភាព សាមគ្គីភាព ហ្នឹងក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅគ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិ មាតុភូមិ។
ឧត្តមសេនីយ៍ឯក ចាន់ សុភត្រា រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានរំលេចក្នុងកិច្ចប្រជុំនោះថា កន្លងមក មាននាយទាហានយើងមួយចំនួន ក្នុងនោះមានរហូតពីថ្នាក់នាយទាហានជាន់ខ្ពស់ ដល់ពលទាហាន ពុំទាន់បានប្រតិបត្តិត្រឹមត្រូវតាមច្បាប់លក្ខន្តិកៈ កងយោធពលខេមរភូមិន្ទ លេខ 003 នៅឡើយទេ ដោយប្រើឯកសណ្ឋានក្នុងការងារ ពុំទាន់ឯកភាពគ្នានៅឡើយ។ ជាមួយគ្នានេះដែរ ក៏ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយគោលការណ៍របស់ក្រសួងការពារជាតិ ស្តីពីការគ្រប់គ្រងវត្តមាន អវត្តមាន នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្ដាកងឯកភាពចំណុះ ដើម្បីចូលរួមការងារកំណែទម្រង់ក្នុងកងយោធពលខេមរភូមិន្ទ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ ឧត្តមសេនីយ៍ឯក ចាន់ សុភក្រ្តា បានផ្តាំផ្ញើរដល់យោធិនគ្រប់រូប ត្រូវចូលរួមអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះជំនាញបុគ្គលិក នៃនាយកដ្ឋាន របស់ក្រសួងការពារជាតិ ត្រូវអនុវត្តគោលការណ៍ស្តីពីការគ្រប់គ្រងចំនួនទ័ព ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ស្របតាមការកំណត់ដោយច្បាប់ អនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗ ស្ដីពីការគ្រប់គ្រងចំនួនទ័ព ពេលប្រតិបត្តិការងារ។ ការធ្វើកំណែទម្រង់ដែលមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ គឺផ្អែកលើគោលការណ៍ច្បាប់ និងមិនត្រូវយកអារម្មណ៍ ឬមនោសញ្ចេតនាលក្ខណៈបុគ្គលជាគោលទេ។ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលយោធិនគ្រប់រូប ឱ្យក្លាយជាធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់តាមជំនាញនីមួយៗ និងពង្រឹងគុណភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមការវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងទំនើបកម្មវិស័យយោធា។ ករណីយោធិនរូបណា មិនចូលរួមអនុវត្តគោរពច្បាប់ សេចក្តីណែនាំ ឬបទបញ្ជាណាមួយ ត្រូវមានវិធានការតាមនីតិវិធី របស់កងយោធពលខេមរភូមិន្ទ។ បន្តត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះគ្រឿងញៀន អាចបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា។ យើងជាកងទ័ព ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ឱ្យបានជាដាច់ខាត ៕






































