នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារជំនាញនាំមុខ នៃក្រសួងការពារប្រទេសឡាវ និងវៀតណាម ចុះត្រួតពិនិត្យទីតាំងធ្វើលំហាត់ហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ ក្រុមការងារជំនាញនាំមុខនៃក្រសួងការពារជាតិ ភាគីវៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ភឿ វ៉ាន់ទឿង អនុប្រធានយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារនាំមុខក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយឡែកក្រុមការងារជំនាញនាំមុខ នៃក្រសួងការពារប្រទេសឡាវ ដឹកនាំដោយ លោកវរសេនីយ៍ឯក បាត់ថាណា បុទ្ធីចក្រ(Patthana Bouttichak) ប្រធានលេខាធិការដ្ឋាន អគ្គសេនាធិការកងទ័ព និងជាប្រធានក្រុមការងារនាំមុខក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្តែងការស្វាគមន៍ចំពោះប្រតិភូក្រុមការងារនាំមុខក្រសួងការពារជាតិប្រទេសទាំងពីរ ឡាវ និងវៀតណាម ដែលអញ្ជើញមកបំពេញការងារនៅកម្ពុជា និងមកចុះត្រួតពិនិត្យទីតាំងធ្វើលំហាត់ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំ។ នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងជាប្រធានអនុគណៈកម្មការលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម បានរាយការណ៍ជូនប្រតិភូនាំមុខ នៃក្រសួងការពារប្រទេសឡាវ-វៀតណាម អំពីការចុះទៅពិនិត្យនៅទីតាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដែលក្នុងនោះរួមមានការពិនិត្យអគារស្នាក់នៅរបស់ក្រុមនាំមុខ ការចុះត្រួតពិនិត្យទីតាំងធ្វើសមយុទ្ធ ត្រួតពិនិត្យកន្លែងស្នាក់នៅរបស់កងទ័ពទាំងពីរប្រទេស ឡាវ-វៀតណាម និងត្រួតពិនិត្យទីតាំងធ្វើកីឡាយោធា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
ឯកឧត្តម ខៀវ ឆេន បានបញ្ជាក់ឲ្យដឹងថា៖ កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទីម្ភៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ គឺបន្ទាប់ពីកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម-ឡាវ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងកានទុង ខេត្តកនទុំ ប្រទេសវៀតណាម ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងបី កម្ពុជា-ឡាវ និងវៀតណាម។ ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម បានបង្ហាញថា ទោះបីសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសន្តិសុខប្រពៃណី និងមិនប្រពៃណីក្ដី ក៏ក្រសួងការពារជាតិ និងកងទ័ពប្រទេសទាំងបី នៅតែបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ឯកឧត្ដមបានសម្ដែងជំនឿជឿជាក់ថា ការជួបជុំក្រុមការងារនាំមុខបីប្រទេសកម្ពុជា-ឡាវ-វៀតណាមនាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ការប្រុងប្រៀបរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា។ តាមរយៈលទ្ធផលក្រុមការងារនាំមុខទាំងបីប្រទេសជួបពិភាក្សាគ្នា និងការចុះពិនិត្យទីតាំងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងផ្តល់ធាតុចូលបន្ថែមទៀតលើផែនការកម្មវិធី នៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងការពារជាតិបានរៀបចំរួច កាន់តែគ្រប់ជ្រុងជ្រោយ។
ហើយបន្ទាប់មក ឯកឧត្តម ឧត្តមសនីយ៍ ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារជំនាញនាំមុខ នៃក្រសួងការពារប្រទេសឡាវ និងវៀតណាម ចុះពិនិត្យទីតាំងវិទ្យាល័យទេពប្រណម្យ ខេត្តកណ្ដាលបន្តទៀត។ ដែលនៅទីនេះរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបីប្រទេស និងចែកអំណោយដល់សិស្សានុសិស្សចំនួនជាង៣០០នាក់។ កិច្ចប្រជុំបានពិភាក្សាអំពីការទទួលបដិសណ្ឋារកិច្ចពេលរដ្ឋមន្ត្រីទាំងបីប្រទេសមកដល់ និងដំណើរការនៃអង្គពិធី។ ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន ស្នើដល់រដ្ឋបាលខេត្តកណ្តាល ឲ្យចូលរួមសហការ ដើម្បីរៀបចំពិធីនេះឲ្យទទួលបានលទ្ធផលល្អ ព្រមទាំងបានស្នើដល់ក្រុមការងារនាំមុខ នៃក្រសួងការពារជាតិប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម បន្តសហការគ្នាឲ្យកាន់តែជិតស្និទ្ធ រួមសហការគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ឲ្យសម្រេចបានជោគជ័យ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិឡាវ និងវៀតណាម ដែលបានគាំទ្រចំពោះការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៤នៅកម្ពុជា ៕






































