អបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ ១៥ តុលា ឆ្នាំ១៩៩៤-១៥ តុលា ឆ្នាំ២០២៤

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នា​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​តុលា ​ឆ្នាំ​២០២៤ ​សម្ដេច​មហាប​វរធិបតី​ ហ៊ុន ​ម៉ា​ណែត​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ​ ថ្ងៃ​បង្កើត​កង​ព​លតូច​លេខ​៧០​ (១៥ ​តុលា ​ឆ្នាំ​១៩៩៤​-​១៥ ​តុលា ​ឆ្នាំ​២០២៤)​ នៅ​ទី​បញ្ជាការ​កង​ពល​តូច​លេខ​៧០។​

       សូម​រំឭក​ថា៖​ ផ្តើម​ចេញ​ពី​វរសេនា​ធំ​លេខ៧​០ ​ត្រូវ​បាន​កែស​ម្រួល​មក​ជា​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០​ តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៥​ ខែ​តុលា ​ឆ្នាំ​១៩៩៤ ​របស់​រា​ជរដ្ឋាភិបាល ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​អគ្គ​សេនា​ធិការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ការ​នោះ​គឺ​ នាយ​ឧត្តម​សេនីយ៍ ​ម៉ៅ​ សុ​ផាន់​ ​ជាមេ​បញ្ជាការ​កង​ពល​ រហូត​ដល់​ឆ្នាំ​២០២៣។​ ​នៅថ្ងៃ​ទី​៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨ ​ដើម្បី​អនុវត្ត​ផែន​ការ​កែ​ទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០​ ត្រូវ​បាន​ផ្ទេរ​ក្រប​ខ័ណ្ឌ​ពី​អគ្គ​បញ្ជាការ​ដ្ឋាន​ មក​ជំនួស​ផ្ទាល់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ និង​បាន​កែ​សម្រួល​ឈ្មោះ​ពី​កង​ព​លតូច​ថ្មើរ​ជើង​លេខ​៧០​ មក​ជា​កង​ពល​តូច​លេខ​៧០ ​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី​២៣ ​ខែឧ​សភា ​ឆ្នាំ​២០១៩ ​របស់​ក្រសួង​ការពារ​ជាតិ​។​ ចាប់​ពី​ថ្ងៃ​បង្កើត​រហូត​មក​ទល់​បច្ចុប្បន្ន​កង​ពល​តូច​លេខ​៧០​ បាន​ប្រឹង​ប្រែង​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ការ​បំពេញ​ភារៈកិច្ច​ សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​ការ​កសាង​ និង​ពង្រឹង​អង្គភាព​របស់​ខ្លួន​ឲ្យ​បាន​រៀប​រ​យ និង​រីក​ចម្រើន​រឹង​មាំ​ជា​លំដាប់ ​រួម​ចំណែក​ក្នុង​កិច្ច​ការពារ​បូរណ​ភាព​ទឹក​ដី​ ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ជូន​សង្គម​ជាតិ​បាន​ល្អ​ប្រសើរ ​ដោយ​ក្នុង​នោះជា​អាទិ៍ ​កង​ពល​តូច​លេខ​៧០​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​​ ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ សិក្សា​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​ និង​ខិត​ខំ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ ព្រម​ទាំង​បាន​កសាង​ទី​លាន​ហ្វឹក​ហ្វឺន​កម្រិត​ថ្នាក់​ជាតិ​ បាន​ចូល​រួម​ការ​ពារ​រាជ​ធានី​ភ្នំពេញ​ឲ្យ​មាន​សុខ​សុវត្ថិភាព​ និង​បំពេញ​ភារៈ​កិច្ច​ជា​ច្រើន​ទៀត​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទ​នៈ។​ ​ទន្ទឹម​នឹង​នោះក​ងពលតូចលេខ៧០ បាន​សហការ​ជា​មួយ​បណ្តា​ស្ថាប័ន​ពាក់​ព័ន្ធ​ការពារ​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ការពារ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​ជាតិ​ អន្តរ​ជាតិ​នានា ​ការ​ពារ​ឥស្សរជន​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ជាតិ​ និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ប្រទេស​ជា​មិត្ត​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។

       សម្ដេច​​បវរធិប​តី​​នាយក​​រដ្ឋមន្ត្រី​​ បា​ន​វា​យ​តម្លៃ​​ខ្ព​ស់​​ចំពោះ​​វឌ្ឍនភាព ​​និង​ការ​រីក​ចម្រើន​របស់​កង​ពល​តូច​លេខ​៧០​ និង​កោត​សរសើរ​ចំពោះ​សមត្ថភាព ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ដោយ​សម្រេច​បាន​នូវ​ស្នាដៃ ​និង​សមិទ្ធផល​ធំៗ​ជា​ច្រើន​ ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លង​ទៅ។​ ​សម្ដេច​បវរ​ធិបតី​ថ្លែង​ដែរ​ថា៖​ ក្នុង​រយៈ​ពេល​៤៥​ឆ្នាំ​មក​នេះ ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​សាមគ្គីភាព​ វីរភាព​ ភាព​ប្រាកដ​ប្រជា​ និង​តាម​ទិស​ដៅ​ត្រឹម​ត្រូ​វ នេះជា​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ហើយ​ថា​សន្តិភាព​នៅ​តែ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ដូច្នេះ​ត្រូវ​រួម​គ្នា​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ​កុំ​ឲ្យ​បាត់​បង់​។​ ក្នុង​នេះ​ដែរ​សម្ដេច​បវរ​ធិបតី​បាន​ថ្លែង​អំណរ​គុណ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​បាន​ចូល​រួម​អនុវត្ត​ច្បាប់​ក្នុង​ការ​ការពារ​ជាតិ​មិន​ឲ្យ​បែក​បាក់​ ដើម្បី​ស្ថេរភា​ព​ជូន​ប្រជា​ពលរដ្ឋ​ ហើយ​សុំ​បន្ត​ស្មារតី​ទទួល​ខុស​ត្រូវ​នេះ។​ សម្ដេច​បវរធិបតី​ បាន​ថ្លែង​ជំរុញ​និង​លើក​ទឹ​ក​ចិត្ត​ថា៖​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​និយាយ​រួម​ និង​កង​ពល​តូច​លេខ​៧០​និយាយ​ដោយ​ឡែក ​ត្រូវ​បន្ត​ការ​ងារ​អភិវឌ្ឍ​សមត្ថភាព​កង​ទ័ព​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ​និង​សេវា​ថែ​ទាំ​ព្យាបាល​សុខភាព ​ត្រៀម​កម្លាំង​ស្មារតី​ដោះ​ស្រាយ​គ្រប់​សភាព​ការណ៍​ ជា​ពិសេស​គ្រោះ​មហន្តរាយ​ធម្មជាតិ ​ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ ​និង​បង្ក​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​។

       ពី​វេទិកា​នេះ​​ដែរ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កង​ទ័ព​កម្ពុជា​ ដែល​បំពេញ​ការ​ងារ​នៅ​ក្រៅ​ប្រទេស ​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ ​ដែល​ចាប់​ពី​ឆ្នាំ​២០០៥​មក​ដល់​ពេល​នេះ ​កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ជិត​មួយ​ម៉ឺន​នាក់​ទៅ​ក្នុង​១០​ប្រទេស​ ក្នុង​នេះ​សម្ដេច​បវរធិបតី​បញ្ជាក់​ថា៖​ សម្ដេច​បាន​កែរ​សម្រួល​ប្រធាន​ក្រុម​ការងារ​បញ្ជូន​កង​ទ័ព​ទៅ​ក្រៅ​ប្រទេស​ ដោយ​ប្ដូរ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ មក​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វិញ​ ហើយ​សម្ដេច​ណែនាំ ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៀ​ សីហា ​តាម​ដា​ន​ឲ្យ​ជាប់​ជា​និច្ច​អំពី​ស្ថាន​ភាព​កង​ទ័ព​មួក​ខៀវក​ម្ពុជា​នៅ​ក្រៅ​ប្រទេស។​ បន្ថែម​លើ​នេះ​ទៀត​ដោយ​សង្កេត​ឃើញ​ថា​ ចំនួន​កង​ទ័ព​ដែល​ចូល​និវត្តន៍​ច្រើន​ជាង​ចំនួន​អ្នក​ដែល​ត្រូវ​រើស​បំពេញ​មក​វិញ​នោះ​ សម្ដេច​អធិបតី​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​គោល​ដៅ​ចំពោះ​យោធិន​ដែល​ដាក់​ចូល​និវត្តន៍​ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន​ប្រភេទ​ពីរ​ ដែល​បាត់​បង់​សមត្ថ​ភាព​ការ​ងារ​ ចំពោះ​យោធិន​ជំនាញ​ចាំ​បាច់​ដែល​នៅ​មាន​សុខ​ភាព​ល្អ​គឺ​រក្សា​ទុក​សិន​ ព្រោះ​កំពុង​ខ្វះ​នាយ​ទាហាន​ជំនាញ​ ទ័ព​ជំនាញ​ជា​ច្រើ​ន ដើម្បី​បន្សាំ​នឹង​បណ្តុះ​បណ្តាល​អ្នក​​បន្ត​វេន​ដូច​ជា​ រថក្រោះ ​កាំភ្លើង​ធំ ​វិស្វកម្ម​ និង​ច្រើន​ជំនាញ​ទៀត​ ដោយ​ឡែក​យោធិន​ដែល​ដល់​អាយុ​តែ​នៅ​ក្មេង ​ស័ក្តិ​មិន​ទាន់​ឡើង ​ក៏​សូម​ផ្អាក​ការ​ចូល​និវត្តន៍​សិន​ដែរ​ ព្រោះ​មិន​ទាន់​រើស​ថ្មី។​ ក្នុង​បញ្ហា​នេះ​សម្ដេច​ក៏​បាន​ណែនាំ​​ឲ្យ​ពិនិត្យ​មើល​លក្ខខណ្ឌ​នៃ​ការ​ចូល​និវត្តន៍​របស់​យោធិន ​អាច​ដំឡើង​អាយុ​ដែល​ត្រូវ​ចូល​និវត្តន៍​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ