ប្រតិភូក្រសួងការពារជាតិដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រតិភូអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ តាមក្រសួងស្ថាប័នជាតិ/ឯកជន ក្នុងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ឆ្នាំ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅទីតម្កល់ព្រះបរមរូបសំណាក លើសួនច្បារខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ការអញ្ជើញដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ឆ្នាំ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅទីតម្កល់ព្រះបរមរូបសំណាក លើសួនច្បារខាងកើតវិមានឯករាជ្យ នាពេលនេះ ប្រតិភូនាយទាហានជាន់ខ្ពស់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រតិភូថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានសំដែងនូវទឹកមុខក្រៀមក្រំដោយក្តីនឹករលឹកអាលោះអាល័យជាពន់ពេក ចំពោះការបាត់បង់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ”ព្រះបរមរតនកោដ្ឋ” នៃយើង ពិសេសនឹកដល់ព្រះគុណបំណាច់ដ៏ធំធេងដែលទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ ពិសេសដើម្បីប្រជារាស្រ្តរបស់ព្រះអង្គ។ ដើម្បីថ្វាយព្រះរាជកុសល និងរំលឹកដឹងគុណពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចបេសកកម្ម ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យពិតប្រាកដសម្រាប់ប្រទេសរបស់ព្រះអង្គ ឲ្យរួចចាកផុតពីអាណានិគមនិយមបរទេស មកដល់ពេលបច្ចុប្បន្នអស់ពេលជិតមួយសតវត្ស(៩៣ឆ្នាំ) ដោយទទួលបានពេញលេញនៅឯករាជ្យពិតប្រាកដនៅឆ្នាំ១៩៥៣។
សូមបញ្ជាក់ថា៖ បារាំងបានចាប់ផ្ដើមគ្រប់គ្រងដោយដាក់អាណានិគមលើប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៨៦៣ រហូតមកដល់ឆ្នាំ១៩៥៣ ទើបប្រទេសកម្ពុជាទទួលបានឯករាជ្យមកវិញ។ សូមរំលឹកថា៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១:២០ នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងជន្មាយុ ៩០ព្រះវស្សា ៕





















