ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកស្រី Laura Updegrove ឧបការីរង ក្រសួងការពារជាតិ ទទួលបន្ទុកភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងនូវក្ដីរីករាយស្វាគមន៍ និងការយកចិត្តទុកដាក់ពីសហប្រតិបត្តិការពីសហរដ្ឋអាមេរិក ពិសេសនៅលើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនាពេលកន្លងមកនេះ។ នាយឧត្តមសេនីយ៍ បានចាត់ទុកថាការជួបគ្នារវាងក្រុមការងារនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើវិស័យយោធាកម្ពុជា និងសហរដ្ឋអាមេរិក បានកាន់តែល្អប្រសើរឡើង។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវក្ដីសង្ឃឹមថា តាមរយៈវត្តមានលោកស្រី Laura Updegrove ឧបការីរងក្រសួងការពារជាតិ ទទួលបន្ទុកភាគខាងត្បូង និងអាស៊ីអាគ្នេយ៍សហរដ្ឋអាមេរិក និងសហការី នឹងផ្តល់នូវផ្លែផ្កាក្នុងការទំនាក់ទំនង ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតបលោកស្រី Laura Updegrove ឧបការីរងក្រសួងការពារជាតិ ទទួលបន្ទុកភាគខាងត្បូង និងអាស៊ីអាគ្នេយ៍សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា វត្តមានរបស់លោកស្រីនៅកម្ពុជានៅថ្ងៃនេះ គឺដើម្បីចូលរួមនៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ នៃប្រទេសទាំងពីរ ដែលនេះគឺជាកិច្ចប្រជុំលើកទីមួយហើយចាប់តាំងពីឆ្នាំ២០១៩មក ដែលយើងបានចាប់ផ្តើមធ្វើការប្រជុំពិភាក្សាអំពីគំនិតផ្ដួចផ្ដើមសំខាន់ៗ ដែលឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក អូស្ទីន(Austin) លោកបានពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក នាខែមិថុនាកន្លងទៅ ដើម្បីស្ដារទំនាក់ទំនងរបស់ប្រទេសទាំងពីរឡើងវិញ ហើយសង្ឃឹមផងដែរថានឹងមានកិច្ចសន្ទនាមួយដ៏មានផ្លែផ្កាជាមួយនឹងភាគីកម្ពុជា នៅក្នុងវេទិកាសន្ទនានៅពេលនេះ ហើយក៏នឹងសង្ឃឹមថា នឹងរកបាននៅចំណុចដ៏ត្រឹមត្រូវរបស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ នៅក្នុងជំនួបកំពូលរវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ គឺបានជជែកគ្នាមានប៣ចំណុច គឺស្ដារឡើងវិញនូវទំនាក់ទំនងយោធា នៃប្រទេសទាំងពីរ, ការបង្កើតនូវកិច្ចសន្ទនា និងរៀបចំនូវវេទិកាកិច្ចប្រជុំជារៀងរាល់ឆ្នាំ ហើយក្រុមការងារក្រសួងការពារជាតិកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីសហការពិភាក្សាជាមួយនឹងក្រុមការងារ ការពារជាតិសហរដ្ឋអាមេរិក ដើម្បីរិះរកនៅក្នុងការរៀបចំ និងបង្កើតនូវកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរឡើង ៕






















