នាយឧត្តមសេនីយ៍ ចាយ សាំងយុន អនុញ្ញាតឱ្យគណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតី ចូលជួបសម្តែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហា មិញ ថាម អតីតប្រធានស្នងការនយោបាយ អង្គទ័ពលេខ៣ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលប្រតិភូអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។

       ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានស្វាគមន៍ដល់គណៈប្រតិភូ និងបាននាំនៅបណ្ដាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ជូនប្រតិភូអំពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្រោមម្លប់នៃសន្តិភាពនារយៈពេល ២៦ឆ្នាំកន្លងមក នៃនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំឱ្យកម្ពុជាមានសន្តិភាព មានការឯកភាពជាតិ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាពបន្តវេនវ័យក្មេង បាននិងកំពុងបន្តធ្វើដំណើរយ៉ាងលឿនរហ័ស ប្រកបដោយថាមពល ជាមួយនឹងលំនឹងសន្តិភាព ស្ថិរភាពសង្គម និងឈានទៅរកប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នាឆ្នាំ២០៥០ ខាងមុខ។ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណីជាយូរលង់ណាស់មកហើយ តាំងតែពីក្នុងអំឡុងសតវត្សទី១៥ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរបានបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនេះ កាន់តែមានការរីកចម្រើនរឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។ ឯកឧត្តម ចាយ សាំងយុន បានថ្លែងអំណរគុណដល់បក្សរដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុលពត នេះអំឡុងឆ្នាំ១៩៧៩ និងបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទ ឱ្យមានភាពរីកចម្រើនរឹងមាំ។

       ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ទោ ហា មិញ ថាម បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានផ្ដល់ពេលវេលា និងសហការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ (និយាយជារួម) និងនិយាយដោយឡែក រវាងសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតី  អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយសមាគមមិត្តភាព កម្ពុជា វៀតណាម និងជាមួយកងយោធពលខេមរភូមិន្ទ ជាពិសេសការរៀបចំឲ្យគណៈប្រតិភូកងទ័ពប្រទេសទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ដើម្បីរួមគ្នាពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពទាំងពីរឲ្យកាន់តែជិតស្និទ្ធ។ ឧត្តមសេនីយ៍ទោ ហា មិញ ថាម បានឧទ្ទេសនាមពីប្រវត្តិខ្លះៗនៃការបង្កើតសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតី អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ពិសេសអង្គភាពអង្គទ័ពលេខ៣ កងទ័ពប្រជាជនវៀតណាម ដែលកាលពីអតីតកាល បានធ្វើការងារជាច្រើនជាមួយកងទ័ពកម្ពុជា ក្នុងការជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីក្នុងអំឡុងឆ្នាំ១៩៧៩។ សមាគមនេះបង្កើតឡើងដើម្បីប្រមូលផ្ដុំគ្រប់គ្រង ថែបំប៉នដល់នាយទាហានចាស់ៗដែលបានចូលនិវត្តន៍ ក្លាយជាអតីតយុទ្ធជនមានគុណបំណាច់ចំពោះជាតិ ចំពោះបក្សរដ្ឋ កងទ័ព និងប្រជាជនក្នុងកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន កន្លងមក។ តាមរយៈពេលដំណើរទស្សនកិច្ចនៅកម្ពុជានាលើកនេះ ភាគីយើងទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិការទំនាក់ទំនងរវាងបក្សរដ្ឋ និងកងទ័ពប្រជាជនយើងទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជិតស្និទ្ធ។

       ឧត្តមសេនីយ៍ទោ ហា មីញ ថាម បានបញ្ជាក់ថា៖ ក្នុងរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខជាតិ រវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានពង្រឹងពង្រីកយ៉ាងទូលំទូលាយ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ពាក់ព័ន្ធដល់ការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការពារជាតិ ដល់កងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ ហា មីញ ថាម បញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចនេះ ឯកឧត្តម និងនាំសំណើរទាំងនេះដាក់ជូនទៅថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាមដើម្បីពិនិត្យសម្រេចផ្ដល់ជូនដល់ភាគីកម្ពុជា ទៅតាមអ្វីដែលភាគីមិត្តបានស្នើរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជាពេលនេះ ក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ពិសេសក៏នឹងពិនិត្យមើលអំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្នុងដំណាក់កាលបច្ចុប្បន្ន ហើយក៏យកចិត្តទុកដាក់ពូនជ្រុំការចងសម្ព័ន្ធមេត្រីភាព រវាងសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតី អតីតកងទ័ពស្ម័គ្រចិត្តវៀតណា ជាមួយសមាគមមិត្តភាព កម្ពុជា វៀតណាម របស់ព្រះរាជាណាចក្រកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ។

       នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតី នៃកងទ័ពស្ម័គ្រចិត្តវៀតណាម នៅកម្ពុជាលើកនេះប្រកបដោយសុខសុវត្ថិភាព និងការស្នាក់នៅប្រកបដោយផាសុខភាពគ្រប់ពេលវេលា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ