នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយសេនាធិការចម្រុះ បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
នៅក្នុងឱកាសនោះ នៅចំពោះមុខក្រុមគ្រួសារនៃសព នាយឧត្តមសេនីយ៍ សែម សុវណ្ណី, នាយឧត្តមសេនីយ៍ ទៀ សីហា និងគណៈប្រតិភូបានសម្ដែងនូវក្ដីរន្ធត់តក់ស្លុតរំជួលចិត្ត និងសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងជាវីរៈកុលបុត្រដ៏ឆ្នើម ដែលស្ទើរតែក្នុងមួយជីវិតនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ធ្លាប់បានលះបង់បូជាអាយុជីវិតរបស់ខ្លួន នៅក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ការអភិវឌ្ឍជាតិមាតុភូមិ និងប្រជាជន។
សូមបញ្ជាក់ថា៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលមរណៈភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច ហើយសពរបស់លោក ត្រូវបានប្រារព្ធពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមគន្លងប្រពៃណីសាសនា និងពិធីការកងទ័ព នៅគេហដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីបានអនុញ្ញាតឲ្យឥស្សរជនជាន់ខ្ពស់តាមក្រសួងស្ថាប័នកំពូលៗរបស់រដ្ឋ និងកងយោធពលខេមរភូមិន្ទបានចូលគោរពវិញ្ញាណក្ខន្ធ និងកិច្ចជម្រាបលា ក៏ដូចជាការជូនដំណើរជាលើកចុងក្រោយ ចំពោះវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានធ្វើមរណកាល ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ៕























