នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ គណៈប្រតិភូស្នងការផែនទី នៃអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក ប្រធានស្នងការផែនទី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលប្រតិភូអញ្ជើញមកបំពេញដំណើរទស្សនាខេត្តជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានថ្លែងនូវការស្វាគមន៍ដល់គណៈប្រតិភូ និងបានបញ្ជាក់ជូនអំពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្រោមម្លប់សន្តិភាពនារយៈពេល ២៦ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំឱ្យកម្ពុជាមានសន្តិភាព ការឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាពបន្តវេនវ័យក្មេង បាននិងកំពុងបន្តធ្វើដំណើរយ៉ាងលឿនរហ័ស ប្រកបដោយថាមពល ជាមួយនឹងលំនឹងសន្តិភាព ស្ថិរភាពសង្គម និងឈានទៅរកប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នាឆ្នាំ២០៥០ខាងមុខ។ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណីជាយូរលុងណាស់មកហើយ តាំងតើពីក្នុងអំឡុងសតវត្សទី១៥ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ មានការរីកចម្រើនរឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។ ឯកឧត្តម ឯល វ៉ាន់សារ៉ាត់ បានថ្លែងអំណរគុណដល់បក្សរដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ និងបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យមានភាពរីកចម្រើន។
ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក ប្រធានស្នងការផែនទី នៃអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានសហការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងស្នងការផែនទី នៃអគ្គសេនាធិការទ័ពប្រជាជនវៀតណាម ជាមួយនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិកម្ពុជា ជាពិសេសការរៀបចំឲ្យគណៈប្រតិភូជំនាញផែនទី-ភូមិសាស្ត្រប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក។ ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក បានឧទ្ទេសនាមពីប្រវត្តិខ្លះៗនៃការបង្កើតស្នងការផែនទី នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដែលមានភារកិច្ចនៅក្នុងកិច្ចសិក្សាស្រាវជ្រាវចងក្រងឯកសារ ភូមិសាស្ត្រ ផែនទី ដើម្បីបម្រើឱ្យគ្រប់សកម្មភាពរបស់បក្សរដ្ឋាភិបាល កងទ័ព និងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន។
តាមរយៈពេលដំណើរទស្សនកិច្ចរបស់ប្រតិភូនៅកម្ពុជាលើកនេះ និងក្រោយពីបានជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការ រវាងស្នងការផែនទី អគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ជាមួយនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឯក វ៉ាន់សារ៉ាត់ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើដល់ភាគីមិត្ត មកជួយផ្ដល់នូវសម្ភារៈបច្ចេកទេស ក្នុងការដំឡើងផែនទីភូមិសាស្ត្រ ជួយផ្ដល់អ្នកបច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផែនទី ដល់នាយទាហានជំនាញភូមិសាស្ត្រ កងយោធពលខេមរភូមិន្ទ ដើម្បីកម្ពុជាមានគ្រប់លទ្ធភាពទាំងការផលិត និងសិក្សាចងក្រងផែនទីសម្រាប់កម្ពុជា។
ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក បានរំលឹកឡើងវិញពីចំណងមិត្តភាព រវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដែលជាប្រទេសជិតខាង មានទំនាក់ទំនងជាប្រពៃណី ធ្លាប់កៀកស្មើគ្នាជួយគ្នាទៅវិញទៅមក តស៊ូប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម ក៏ដូចជាការរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅឆ្នាំ១៩៧៩។ ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក បានបញ្ជាក់ថា៖ ក្នុងរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខជាតិ រវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹងពង្រីកយ៉ាងទូលំទូលាយ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ពាក់ព័ន្ធដល់ការជួយបណ្ដុះបណ្ដាល និងការផ្ដល់សម្ភារៈគ្រឿងបំពាក់បច្ចេកទេសបោះពុម្ពផែនទី ដល់កងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក បញ្ជាក់ថា៖ សំណើរទាំងនេះយើងនឹងដាក់ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ហើយ និងនាំរាល់សំណើរទាំងនេះ ដាក់ជូនទៅថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម ដើម្បីពិនិត្យសម្រេចផ្ដល់ជូនដល់ភាគីកម្ពុជា ក្នុងគម្រោងប្រចាំឆ្នាំ។
ឧត្តមសេនីយ៍ត្រី ហ័ង មីញ ង៉ុក ក៏បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ ក្នុងគោលបំណងបន្តកិច្ចពិភាក្សាការងារទ្វេភាគី ជាមួយនាយកដ្ឋានភូមិសាស្ត្ររបស់ក្រសួងការពារជាតិកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារផែនទី ភូមិសាស្ត្រ និងប្រតិបត្តិការណ៍នយោបាយសំខាន់ៗដែលកើតឡើង រួមនឹងការងារហ្វឹកហ្វឺន ការកសាងអង្គភាព ជាពិសេសការចងសម្ព័ន្ធមេត្រីភាព រវាងស្នងការផែនទី នៃអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ជាមួយនឹងនាយកដ្ឋានភូមិសាស្ត្រ របស់ក្រសួងការពារជាតិកម្ពុជា ៕






















