សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ ទាង អេង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ រួមជាមួយឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងមន្ត្រីក្រោមឱវាទិ និងប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីវេរប្រគេននូវចង្ហាន និងបច្ច័យបួន ជូនព្រះសង្ឃមានចំនួន៤៣២អង្គ គង់ចាំព្រះវស្សារដូវ នៅពុទ្ធសីមាវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទតែងបានប្រារព្ធពិធីធ្វើជារៀងរាល់ឆ្នាំ ហើយដែលពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើឡើង មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះត្រូវបានធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាន៖ មាតាបិតា ជីដូនជីតា គ្រូឧបឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកយើងទៅកាន់លោកខាងមុខ មកទទួលយកកុសលផលបុណ្យនេះ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។ ម្យ៉ាងទៀតជាឱកាសដ៏ល្អសម្រាប់ជួបជុំឱពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចជួបជុំ ស្វែងយល់គ្នា អំពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពប្រចាំថ្ងៃរវាងគ្នានិងគ្នា ទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីដ៏ទូលំទូលាយផងដែរ។
បន្ទាប់ពីបានគោរពថ្វាយផ្កាភ្ញី បូជាទៀនធូក ចំពោះព្រះពុទ្ធព្រះសម្មាសាម្ពុទ្ធ និងនមសិកាព្រះរតនត្រ័យទៅតាមគន្លងព្រះពុទ្ធព្រះធម៌សម្មាសម្ពុទ្ធរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ រួមជាមួយឯកឧត្តម លោកជំទាវ នាយទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ បានបង្សុកូល និងរាប់បាត ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានបែកបាក់ចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុទ្ធនារីនៃកងយោធពលខេមរភូមិន្ទ ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានបួងសួងផងដែរសូមឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស ទទួលបាននិងជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងប្រទេជាតិមានសុខសន្តិភាពជារៀងរហូត។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវេរប្រគេនទ័យទាន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជូនដល់ព្រះសង្ឃ វត្តបទុមវតីនាឱកាសនោះ រួមមានអង្ករ ៥០០គីឡូក្រាម, ត្រីខកំប៉ុង ២០០គីឡូក្រាម, មី ២០កេស, ទឹកបរិសុទ្ធ ៤០កេស, ទឹកក្រូច ២០កេស ព្រមទាំងបច្ច័យប្រាក់រៀល មានចំនួន ៤៥លាន ១ម៉ឺនរៀល និងប្រាក់ដុល្លា មានចំនួន ៩ ៧០០ ដុល្លាអាមេរិក ៕


































































