នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​ចុះ​ពិនិត្យ​ទី​តាំង ​ដើម្បី​រៀប​ចំ​ ពិធី​ជំនួ​ប​សន្ទនា​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​​និង​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​កង​ទ័ព​បី​ប្រទេស ក​ម្ពុជា​-​វៀត​ណាម​-​ឡាវ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចំរុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​គណៈ​កម្មការ​អន្ត​រ​ក្រសួង ​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​ រវាង​កង​ទ័ព​បី​ប្រទេស ​កម្ពុជា ​ឡាវ ​វៀតណាម ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​អម​ដំណើរ​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើ​ន​រូប ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ ​ខែ​កញ្ញា​ ឆ្នាំ​២០២៤ ​បាន​ចុះ​ពិនិត្យ​ទី​តាំង​ចំនួន​បី​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់​ឆ្នាំង ​ដើម្បី​រៀបចំ​ពិធី​ជំនួប​សន្ទនា​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ-​វៀតណាម,​ ទី​តាំង​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​ ផ្នែក​សង្គ្រោះ​គ្រោះ​មហន្តរាយ​ នៃ​ការ​បាក់​រលំ​អាគារ​-​សុខា​ភិបាល​-​និង​កីឡា​យោធា​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សាមគ្គី​មាន​ជ័យ​ខេត្ត​កំពង់​ឆ្នាំង​ ក្នុង​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កង​រា​ជ​អាវុធ​ហត្ថ ​ភ្នំ​ជុំ​សែន​រី​ក​រាយ,​ ទីតាំង​នៃ​វិទ្យាល័យ​ទេព​ប្រណម ​ឋិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​។​

       សូម​បញ្ជាក់​ថា​៖ លំហាត់​ហ្វឹក​ហ្វឺន​សម​យុទ្ធ​រួម​គ្នា​កង​ទ័ព​ទាំង​បី​ប្រទេស​កម្ពុ​ជា​-​វៀត​ណាម​-​ឡាវ ​សម្រាប់​ឆ្នាំ ​២០២៤ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុ​ង​ឆ្នាំ​នេះ ​បាន​ជ្រើស​រើស​យក​ទីតាំង​ចំនួន​បី​ ក្នុង​ភូមិ​សាស្ត្រ​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​កង​រាជ​វុធ​ហត្ថ​ ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​ជុំ​សែន​រីក​រាយ​ សម្រាប់​ធ្វើ​ជា​ទីតាំង​ពិធី​បើក​ធ្វើ​លំហាត់ ​និង​បិទ​លំហាត់ ​ដែល​នៅ​ទី​នោះ​រួម​មាន ​ការ​រៀប​ចំ​លំហាត់​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​បាក់​រលំ​អាគារ​ ប្រតិបត្តិ​ការ​សុខា​ភិបាល​ និង​ការ​ប្រកួត​កីឡា​ប្រដាប់​អាវុធ​ ជា​លក្ខណៈ​មិត្តភាព​កង​ទ័ព​ប្រទេស​ទាំង​បី។​ ដោយ​ឡែក​ទី​តាំង​ក្នុង​វិទ្យាល័យ​ទេព​ប្រណម​ ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​ ជា​ទីតាំ​ង​មួយ​សម្រាប់​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំង​បី ​ប្រារព្ធ​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពលរដ្ឋ​ លោក​គ្រូ​អ្នក​គ្រូ​សិស្សា​នុ​សិស្ស​ នៅ​ទី​នោះ ​ដើម្បី​ផ្សារ​ភ្ជាប់​ពី​ការ​រឹត​ចំណង​សាមគ្គី​ភាព ​មិត្ត​ភាព​ កិច្ច​សហប្រតិបត្តិការ ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​បី ​កម្ពុជា​-​ឡាវ​-​វៀត​ណាម​​ ដែល​​មាន​ទំនាក់​ទំនង​និង​គ្នា​យ៉ាង​ស្អិត​រមួត​ជា​បង​ប្អូន ​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា ​ដែល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ តែង​តែបា​ន​ផ្សារភ្ជាប់​ និង​ចេះ​ជួយ​គ្នា​គ្រប់​កាលៈ​ទេសៈ ​ រហូត​ប្រទេស​ជាតិ​នីមួយៗ ​មាន​ឯករាជ្យ ​អធិប​តេយ្យ​ភាព​ ពិត​ប្រាកដ​ក្រោម​ម្លប់​នៃ​សន្តិភាព។​ ទន្ទឹម​នឹង​នេះ​ដែរ​ គណៈ​កម្មការ​អន្ត​រ​ក្រសួង ​ក៏​បាន​រៀប​ចំ​ទីតាំង​មួយ​ទៀត​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ ​ហ្គាឌែន ​ស៊ីធី ​(Garden City) សម្រាប់​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ទាំង​បី​ផង​ដែរ​។

       ឧត្តម​​សេនីយ៍​​ទោ​ ​ប៉ែន​ ​សុក្រឹត​​វិទ្យា​​ នាយក​​​ទីចាត់​​កា​រ​​ហ្វឹក​​ហ្វឺន​ អគ្គ​បញ្ជាការ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹក​នាំ​ធ្វើ​លំហាត់​ភាគី​កម្ពុជា ​បាន​រាយការណ៍​ថា ​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​សម​យុទ្ធ​រួម​គ្នា​ រវាង​កង​ទ័ព​៣​ប្រទេស​ កម្ពុជា ​ឡាវ​ វៀត​ណាម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ឆ្នាំ​នេះ​ មាន​រយៈ​ពេល​១៥​ថ្ងៃ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​ ខាង​មុខ​នេះ។​ ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​កម្ពុជា​-ឡាវ​-​វៀត​ណាម​ នេះ  ​នឹ​ង​បាន​ផ្តល់​ឱកាស​ដល់​កង​ទ័ព​ប្រទេស​ទាំង​បី ​ក្នុង​ការ​​ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។ ម្យ៉ាងវិញទៀត ការធ្វើ​លំហាត់​នេះ ក៏​​ដើម្បី​ចែក​រំលែក​ចំណេះដឹ​ង ចំណេះ​ធ្វើ ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូច​ជា​បន្ត​កិច្ច​សហប្រតិបត្តិការ​ រវាង​រដ្ឋា​ភិបាល ​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​បី ​ដោយ​ឈរ​លើ​ស្មារតី​គោរព​ ឯករាជ្យ​ អធិបតេយ្យ ​បូរណ​ភាព​ទឹក​ដី ​តាម​គោល​ការណ៍​ស្មើ​ភាព ​រក្សា​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​ ឧត្តម​សេនីយ៍ទោ​ ប៉ែន​ សុក្រឹត​វិទ្យា​ បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​២​ហើយ​របស់​គណៈ​កម្មការ​ដឹក​នាំ​លំហាត់​រួម​គ្នា​ សម្រាប់​កង​ទ័ព​ទាំង​បី​ប្រទេស ​ដែល​បាន​ធ្វើ​លំហាត់​ហ្វឹ​ក​ហ្វឺន​រួម​គ្នា​ “លើស​កម្មភាព​នៃ​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ ការ​បាក់​រលំ​អាគារ​ ការ​ងារ​សុខា​ភិបាល ​និង​ការ​លេង​កីឡា​យោធា ​ជា​លក្ខណៈ​មិត្ត​ភាព”​ ដែល​លើក​ទី​មួយ​បាន​ប្រព្រឹត្ត​ទៅ​ នៅ​ទី​ក្រុង​វៀង​ច័ន្ទ​ សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិត​ឡាវ ​ដែល​ប្រទេស​ឡាវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។​

       ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទី​តាំង​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​នា​ពេល​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ ​សា​រ៉ាត ​បាន​រំលឹក​ដល់​គណៈ​ជំនាញ​គ្រប់​ជំនាញ ​រួម​សហ​ការ​គ្នា​អោយ​បាន​ល្អ ​ក្នុង​នោះ​ត្រូវ​សហ​ការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី ​ ស្រុក​ខេត្ត​ ដែល​មាន​ការ​ពាក់​ព័ន្ធ​ និង​ត្រូវ​បង្កើន​ស្មារតី​ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​សហការ​គ្នា​ឲ្យ​បាន​ល្អ​ ក្នុង​ការ​រៀប​ចំ​ទាំង​ទីតាំង​ហ្វឹក​ហាត់ ​ដើម្បី​ជំរុញ​ឲ្យ​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​កង​ទ័ព​ទាំង​បី​ប្រទេស​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន​ និង​ជោគ​ជ័យ​។​ ឯកឧត្តម​បញ្ជាក់​ថា​ ប្រសិន​បើ​យើង​រៀប​ចំ​លំហាត់​នេះ​បាន​ល្អ​ ក៏​ជា​មុខ​មាត់​របស់​រាជរដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជន​របស់​យើង​ផង​ដែរ​។​ ហើ​យ​ក៏​ជា​ការ​ទាក់​ទាញ​លំហូរ​ទេស​ចរណ៍​ជាតិ​ អន្តរជាតិ ​ឱ្យ​មក​កាន់​ប្រទេស​កម្ពុជា​យើង​កាន់​តែ​ច្រើន​ថែម​ទៀត ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ