ដោយមានការណែនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការណែនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈដើម្បី ត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំ ឆ្លើយតបគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ នៅក្នុងរដូវវស្សា និងឥទ្ធិពលព្យុះទីហ្វុងដែលកំពុងបក់មកចំភាគកណ្តាល នៃប្រទេសវៀតណាម នាពេលប៉ុន្មានថ្ងៃខាងមុខនេះផង។
ថ្លែងនៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ នេះជាលើកទី២ ដែលជាក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ បានប្រជុំដើម្បីត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។ ឯកឧត្តម ម៉ឹង សំផន បានបន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះការងារសង្រ្គោះគ្រោះមន្តរាយ ក្នុងនោះក៏បានណែនាំឲ្យកងយោធពលខេមរភូមិន្ទ ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តម បានរំលឹកដល់បណ្តាអង្គភាពមានការពាក់ព័ន្ធ និងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យឧបករណ៍ សម្ភារប្រើប្រាស់ ដែលមានឱ្យបានត្រឹមត្រូវ ដូចជា ឧទ្ធម្ភាគចក្រ នាវា អូប័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំង ប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។ ឯកឧត្តម ប្រធានក្រុមការងារសង្ឃឹមថា គ្រប់បណ្តាអង្គភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ទាំងអស់នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយជាប់ជាប្រចាំ ដើម្បីអនុវត្តន៍លើការងារជួយសង្គ្រោះ ធានាលើទ្រព្យ និងអាយុជីវិតពលរដ្ឋដែលរងគ្រោះ ឱ្យសម្រេចបានលទ្ធផលល្អតាម ការណែនាំរបស់រាជរដ្ឋភិបាលបានដាក់ចុះ។ ឯកឧត្តម ម៉ឹង សំផន បានមានប្រសាសន៍ថា៖ ក្រុមការងារខ.ភ.ម របស់ក្រសួងការពារជាតិ មានបទពិសោធច្រើនលើកច្រើនសារមកហើយ ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះគ្រប់គ្រោះមហន្តរាយដូចជា ឧបទ្ទវហេតុនៃគ្រោះមហន្តរាយ ដែលបង្កឡើងពីការធ្លាក់យន្តហោះ ឧប្បវហេតុនៃគ្រោះមហន្តរាយ ការបាក់រលំអគារ ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ នៅតំបន់ជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន របស់ប្រទេសកម្ពុជានាពេលកន្លងមក។ ដូច្នេះយោងតាមបទពិសោធន៍ដែលមានកន្លងមក សម្រាប់កម្លាំង កងទ័ពយើងមិនជាបញ្ហាអ្វីដែលពិបាក។ នៅក្នុងកិច្ចប្រជុំបណ្តាអង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ បានរាយកាណ៍ជូនអង្គប្រជុំអំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកម្លាំង និងមធ្យោបាយសម្ភារៈដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយ ក្នុងឆ្នាំនេះបានរួចរាល់ ៕































