នាយ​ឧត្តម​សេនីយ៍ ​ភួង ​ស៊ី​ផាន ​​ជួប​ប្រតិភូ​សម្រាក​បំប៉ន​សុខ​ភាព ​សេនា​ធិការ​យុទ្ធ​ភូមិ​ភាគ​ ៥​ វៀត​ណាម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ភួង ស៊ីផាន រដ្ឋ​លេខា​ធិការ​ក្រសួង​ការពា​រជាតិ ​បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​នាយ​ទាហាន​ជាន់​ខ្ពស់​ គ្រួសារ​សម្រាក​បំប៉ន​សុខ​ភាព​ ដឹក​នាំ​ដោយ ​ លោក​វរសេនីយ៍​ឯក​ ឡេ សួនធីញ អតីត​នាយ​រង​​សេនា​ធិការ​យោធ​ភូមិ​ភាគ​ទី ៥​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​នៅទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​។

       ក្នុង​ជំនួប​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ភួង ស៊ីផាន បាន​ស្វាគមន៍​ និង បាន​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេចតេជោ ហ៊ុន សែន   ប្រធាន​ព្រឹទ្ធ​សភា​ជាតិ​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ ​និង​ក្តី​នឹក​រលឹក​ពី​សំណាក់​ សម្ដេច​​ធិបតី ​ហ៊ុន ​ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី ​និង​បណ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ជូន​ដល់​ប្រតិភូ និង​សមា​ជិក​ទាំង​អស់​ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ចំណង​មិត្ត​ភាព​ កិច្ច​ សហ​ប្រតិបត្តិការ​ រវាង​កម្ពុជា​-​វៀត​ណាម​ កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​ក្នុង​ជំនួប​នោះ​ដែរ​ ភាគី​ទាំង​ពីរ​បាន​រំលឹក​នូវ​អនុស្សាវ​រីយ៍​ នៃ​ការ​ប្រកៀក​ស្មា​គ្នា​ប្រយុទ្ធ​ ក្នុង​ការ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​​នឹម​អាណានិគម​និយម​បរទេស​ ពិសេស​ការ​ប្រកៀក​ស្មា​គ្នា​ វាយ​បណ្ដេញ​របប​កម្ពុជា ​ប្រជាធិប​តេយ្យ​ខ្មែរ​ក្រហម ​ជួយ​រំដោះ​ប្រជាជន​កម្ពុជា ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​នា​ឆ្នាំ​១៩៧៩​។

       ឯកឧត្តម​ ​ភួង ស៊ីផាន ក៏​បាន​បញ្ជាក់​ថា​៖ «ប្រទេស​កម្ពុ​ជា​នា​ពេល​នេះ ​ខុស​ពី​ពេល​មុន ​ខណៈ​ដែល​សម​មិត្ត​ បងៗ ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ ឬ​ក៏​អតីត​យុទ្ធជន ​បាន​មក​ជួយ​រំដោះ​កម្ពុជា ​ពី​របប​ប៉ុល ​ពត​ នា​ឆ្នាំ​១៩៧៩​។ ​បច្ចុប្បន្ន​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដោយ ​សម្ដេច​ធិបតី ​ហ៊ុន​ ម៉ា​ណែត​ នាយក​រដ្ឋមន្ត្រី​វ័យ​ក្មេង ​បាន​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ការ​អភិវឌ្ឍន៍ ​និង​មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ហើយ​ការ​ប្រែ​មុខ​ម៉ាត់​របស់​កម្ពុជា​នា​ពេល​នេះ ​ក៍​មាន​ការ​ចូល​រួម​ពី​អតីត​សម​មិត្ត​បងៗ ​ដែល​ជា​អតីត​កម្មាភិបាល ​យុទ្ធជន​ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ ពលី​ជីវិត​ ចូល​រួម​ជួយ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប ​ប៉ុល ​ពល​ កាល​ពី​ឆ្នាំ​១៩៧៩ ​ផង​ដែរ​​។​

       មាន​មតិ​ឆ្លើយ​តប​វិញ​ លោក​វរសេនីយ៍​ឯក​ ឡេ សួនធីញ បាន​មាន​ប្រសាសន៍​ថា៖​​ ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​នេះ​ប្រតិភូ​របស់​លោក ​មាន​បំណង​ធ្វើ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់ ​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិសាត់,​ ខេត្ត​បាត់​ដំបង, បន្ទាយ​មាន​ជ័យ,​ និង​ក្រុង​អង្គរ ខេត្ត​សៀម​រាប​។ ក្នុង​នាម​លោក​តំណាង​ឲ្យ​ បក្ស​រដ្ឋាភិបាល​កង​ទ័ព​ និង​ប្រជាជន​វៀត​ណាម​ ពិសេស​ប្រតិភូ​នាយ​ទាហាន​ជាន់​ខ្ពស់​ អតីត​នាយ​រង​សេនា​ធិការ​យោធ​ភូមិ​ភាគ​ទី​ ​៥ ​កង​ទ័ព​ប្រជាជ​ន​វៀត​ណាម​ ​​ លោក​វរសេនីយ៍​ឯ​ក ឡេ សួនធីញ សូម​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ទទួល​ស្វាគមន៍​ប្រកប​ដោយ​ភាព​កក់​ក្តៅ​ស្និទ្ធ​ស្នាល​ ​ក្នុង​​អំឡុង​ពេល​ដែល​គណៈ​​ប្រតិភូ ​មក​បំពេញ​ទស្សនកិច្ច​បំប៉ន​សុខ​ភាព​នៅ​កម្ពុជា​នា​លើក​នេះ​។​  ក្នុង​នាម​តំណាង​ឲ្យ​បក្ស ​រដ្ឋាភិបាល​ កង​ទ័ព ​និង​ប្រជាជន​វៀត​ណាម​ ពិសេស​ប្រតិភូ​គ្រួសារ​នាយ​ទាហាន​ជាន់​ខ្ពស់​យោធ​ភូមិ​ភាគ​ទី​ ​៥ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ លោក​សូម​សន្យា​ និង​បន្ត​ថែ​រក្សា​ចំណង​សាមគ្គីភាព ​មិត្តភាព ​វៀត​ណាម​-​កម្ពុ​ជា​ ឲ្យ​នៅ​តែ​ស្ថិត​ស្ថេរ​អមតៈ​ ជា​បង​ប្អូន​តែ​មួយ​ ដែល​មិន​មាន​​អ្ន​កណា ​មក​បំបែក​បំបាក់​បាន​ឡើយ​។ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ