គណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហឿង អនុប្រធានសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន ជួសមុខអោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ បានថ្លែងនូវការស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ។ ឯកឧត្តម ក៏បានជូនពរអោយគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានលើកឡើងនូវការរួមចំណែកដ៍ធំធេង ក្នុងការកសាងខ.ភ.ម របស់កងទ័ពប្រជាជនវៀតណាម តាំងពីដើមរៀងរហូតមក ដោយមិនត្រឹមតែជួយជាស្មារតីនឹងសំភារៈប៉ុណ្ណោះទេ តែកងទ័ពប្រជាជនវៀតណាម ថែមទាំងបាន ជួយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យខ.ភ.មជារៀងឆ្នាំរហូតទៀតផង។ ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម សូមចូលរួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាលក៏ដូចជាមួយកងទ័ពប្រជាជនវៀតណាមជាបងប្អួន ដែលថ្មីៗនេះនៅភាគខាងជើងវៀតណាម ទទួលរងគ្រោះដោយសារព្យុះ Yagi ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតប្រជាជនក៏ដូចជាបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។ ឯ.ឧក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងសមាគមអតីតយុទ្ធជនវៀតណាម និងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានជួយគ្នាទៅវិញទៅមកយ៉ាងជិតស្និតដូចបងប្អូន។ ឯ.ឧ រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា៖ កម្ពុជានៅតែគាំទ្រជានិច្ច នៅក្នុងការជួយរុករកអដ្ឋិធាតុកងទ័ពប្រជាជនវៀតណាមដែលបានពលីក្នុងប្រទេសកម្ពុជា ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏ ប៉ុល ពត កន្លងមក។
ជំរាបជូន ឯ.ឧ រដ្ឋលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហឿង បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ.ភ.ម ទាំងអស់ដែលបានទទួលស្វាគមន៍ ចំពោះគណៈប្រតិភូ របស់ឯ.ឧក្នុងពេលនេះ។ ឯ.ឧបានបន្តទៀតថា៖ វត្តមានរបស់ ប្រតិភូឯ.ឧ នាពេលនេះ គឺមកពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តការការងារ រវាងសមាគមអតីតយុទ្ធជនវៀតណាម និងសមាគមអតីតយុទ្ធជនកម្ពុជា។ ឯ.ឧ ហ្វាម ហុងហឿង បានបញ្ជាក់ថា៖ សមាគមអតីតយុទ្ធជនវៀតណាម និងសមាគមអតីតយុទ្ធជនកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈកិច្ចសហប្រតិបត្តិការជាមួយគ្នាចំនួន៣លើករួចមកហើយ គឺក្នុងរយៈពេល ៥ឆ្នាំម្តង។ ឯ.ឧក៏បានបន្តទៀតថា៖ សព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍន៏ គួរឲ្យកត់ សម្គាល់ពិសេសមានស្ថេរភាពនយោបាយសង្គម និងស្ថេរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ឯ.ឧ សង្ឃឹមថា៖ ក្រសួងការពារជាតិ និងបន្តជួយជ្រោមជ្រែងសមាគមអតីតយុទ្ធជន កម្ពុជាពិសេសគ្រួសារអតីតយុទ្ធជន ដែលពលីមរណៈឲ្យមានជីវភាពធូរធារ ទៅថ្ងៃអនាគត ៕

















