នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងាទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Vǎn Giang) រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងជំនួបនោះ ឯកឧត្តម ទៀ សីហា បានលើកឡើងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម បណ្តាឆ្នាំកន្លងមក ដែលបានអនុវត្តបានយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ហើយកំពុងមានការកើនឡើងជាលំដាប់។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងនូវចក្ខុវិស័យ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីយោធាជាន់ខ្ពស់ទៅវិញទៅមក ក៏ដូចជាការបង្កើនចំនួនសិក្ខាកាមកម្ពុជាទៅសិក្សា និងបណ្តុះបណ្តាលនៅប្រទេសវៀតណាម។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខដល់វៀតណាម ចំពោះការបាត់បង់អាយុជីវិត និងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះសង្ឃរា ដែលនេះជាកាយវិការដ៏ប្រពៃមួយក្នុងនាមជាប្រទេសជិតខាង ដែលបានយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ឯកឧត្តម ហ្វាន វ៉ាន់ហ្សាង ក៏បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើការលើកកម្ពស់វិស័យនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលយោធា និងការបន្តពង្រីកការផ្លាស់ប្តូរនាយទាហានវ័យក្មេងឱ្យកាន់តែច្រើន។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានស្នើកម្ពុជាបន្តកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុយុទ្ធមិត្ត ដែលបាត់ខ្លួននៅសម័យសង្រ្គាម។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានអញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិលើកទី២ នៅប្រទេសវៀតណាម នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ពីការត្រៀមចូលរួម កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ- វៀតណាម នៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ៕




















