ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគីជា​មួយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ចាន់​សា​ម៉ន​ ចាន់​យ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ក្នុង​ឱកាស​នៃការ​​ចូល​រួម​វេទិកា​ប៉េកាំ​ង​សៀន​សាន​ លើក​ទី​១១​ នៅ​រដ្ឋធានី​ប៉េកាំង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ​ឯកឧត្ត​ម​ នាយឧត្តម​សេនីយ៍​ ទៀ សីហា ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ នៅ​រសៀល​ថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ​បាន​ជួប​ពិភាក្សា​ការងា​ទ្វេភាគី​ជា​មួយ ​ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍​ ចាន់​សា​ម៉ន​ ចាន់​យ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស ​នៃ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិត​ឡាវ។​  

       នាយ​ឧត្តម​សេនីយ៍​ ចាន់​សា​ម៉ន​ ចាន់​យ៉ា​ឡាត ​បាន​សម្ដែង​ការ​ស្វាគមន៍យ៉ា​ង​កក់​ក្តៅ​ចំពោះ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ និង​បាន​ថ្លែង​អំណរ​គុណ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី ​និង​គណៈ​ប្រតិភូ​កម្ពុជា​ ដែល​បាន​ចំណាយ​ពេល​ដ៏​មមារ​ញឹក​ជួប​ពិភាក្សា​ការ​ងារ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​កម្ពុជា​-​ឡាវ ​ដែល​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ជឿ​ទុក​ចិត្ត​ និង​ភាព​ស្អិត​រមួត​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​តែង​តែ​រៀប​ចំ​ឱ្យ​មាន​កិច្ច​សន្ទនា​រវាង​គ្នា​ នៅ​ស្ទើរ​គ្រប់​វេទិកា​។​ នាយ​ឧត្តម​សេនីយ៍ ​ចាន់​សា​ម៉ន​ ចាន់​យ៉ា​ឡាត ​ក៏​បាន​ជម្រាប​ជូន​អំពី​ការ​ត្រៀម​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ និង​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​ រវាង​កង​ទ័ព​ កម្ពុជា-ឡាវ-វៀត​ណាម ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​ ខាង​មុខ​។​ ជា​មួយ​គ្នា​នោះ ​ឯកឧត្តម ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ឡាវ​ ក៏​បាន​លើក​ឡើង​នូវ​សំណូម​ពរ​សំខាន់ៗ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​-​ឡាវ ​លើ​វិស័យ​មួយ​ចំនួន​មាន​៖​ ១)​ការ​ពង្រឹង​ការ​ផ្លាស់​ប្តូរ​មន្រ្តី​យោធា​ជាន់​ខ្ពស់, ​ ២)​ការ​បន្ត​ពង្រឹង​ពង្រីក​កម្ម​វិធី​ផ្លាស់​ប្តូរ​នាយ​ទាហាន ​និង​ការ​បណ្តុះ​បណ្តាល​ទាំង​ផ្នែក​ភាសា​ខ្មែរ​ និង​ភាសា​ឡាវ ​និង ​៣)​ការ​ពង្រឹង​ទំនាក់​ទំន​ង និង​បង្កើន​ការ​ផ្លាស់​ប្តូរ​មន្រ្តី​យោធា​តាម​អង្គភាព​នៅ​តាម​បណ្តោយ​ព្រំ​ដែន​។​

       ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្រ្តី ​បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ឡាវ​ និង​បាន​រំលឹកថា៖ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា ​និង​ឡាវ ​គឺ​មាន​រយៈ​ពេល​យូរ​អង្វែង ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​ការពា​រ​ជាតិ​ កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ តែង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​។​ ពាក់​ព័ន្ធ​នឹង​សំណូម​ពរ​របស់​ភាគី​ឡាវ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី ​ព្រម​ព្រៀង​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ សិក្សា​លើ​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​មន្រ្តី​យោធា​ទៅ​វិញ​ទៅ​ម​ក​ ឱ្យ​បាន​កាន់​តែ​ច្រើន​ ក៏​ដូច​ជា​បង្កើន​កម្រិត​និង​ចំនួន​សិក្ខា​កាម​ឱ្យ​បាន​ច្រើន​ជា​ងមុន ​និង​បង្កើន​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​ រវាង​អង្គភាព​នៅ​តាម​បណ្តា​ព្រំដែន​ ដើម្បី​បង្កើន​ការ​កសាង​ទំនុក​ចិត្ត​ និង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ​។​ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី​ ​ក៏​បាន​បង្ហាញ​អំពី​ការ​គាំទ្រ ​និង​កោត​សរសើរ​ចំពោះ​សម​ភាគី​ឡាវ​ ក្នុង​ការ​ដឹក​នាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​ និង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន-​បូក ​នៅ​ឆ្នាំ​២០២៤។​ ឯកឧត្តម ​បាន​បញ្ជាក់​អំពី​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ខាង​លើ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ខាង​មុខ​ ព្រម​ទាំង​បាន​ជូន​ពរ​ក្រសួង​ការពារ​ជាតិ​ឡាវ​ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ផង​ដែរ​​។ ជា​ចុង​ក្រោយ​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ​ក្រប​ខណ្ឌ​អាស៊ាន​ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី ​កម្ពុជា​-​ឡាវ​-​វៀត​ណាម​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ និង​ ប្រជាជន ​នៃ​ប្រទេស​ទាំង​ពីរ​ ៕​

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ