ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ដ្រី​ ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ចូល​រួម​ក្នុង​វេទិកា ​«ប៉េកាំង​សៀង​សាន​ លើក​ទី​១១» ​នៅ​រដ្ឋធានី​ប៉េកាំង​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ ចូល​រួម​ក្នុង​វេទិកា​ «ប៉េកាំង​សៀង​សាន​ លើក​ទី១១»​ នៅ​រដ្ឋ​ធានី​ប៉េ​កាំង ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។​ វេទិកា​ប៉េកាំង​សៀង​សាន​ លើក​ទី​១១​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ ​«ការ​លើក​កម្ពស់​សន្តិភាព ​ដើម្បី​អនាគត​រួម​គ្នា»​​។

       ថ្លែង​សន្ទរកថា ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​២ ​ក្រោម​ប្រធាន​បទ​ស្តី​ពី​៖​ «ពហុ​ប៉ូល ​និង​ការ​វិវត្ត​សណ្តាប់​ធ្នាប់​អន្តរជាតិ»​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា​ ឧបនាយ​ក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​លើក​ឡើងថា​ ជា​ទូទៅ​មាន​ការ​ទទួល​ស្គាល់​ថា​ ពហុ​ប៉ូល​ពុំ​មាន​ភាព​ប្រាកដ​ប្រជា​ និ​ងប្រកប​ដោយ​ហានិភ័យ ​នៃ​អស្ថិរភាព​ រីឯ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ ក៏​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​ក្នុង​នោះ​សន្តិសុខ​បែប​ប្រពៃណី ​និង​មិន​មែន​ប្រពៃណី​បាន​រួម​បញ្ចូល​គ្នា​ បង្កើត​បាន​នូវ​ពិភព​លោក​ដ៏​ស្មុគ​ស្មាញ ​និង​មិន​ច្បាស់​លាស់​មួយ។ ឯកឧត្តម​បន្ដ​ថា​៖ បញ្ហា​នយោ​បាយ​រវាង​មហា​អំណាច​ មិន​មែន​ជា​រឿង​តែ​មួយ​គត់​​ដែល​សំខាន់​ជាង​គេ​នៅ​លើ​សាកល​លោក​ទៀត​ទេ​ ព្រោះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​មិន​មែន​ប្រពៃណី ​ក៏​បង្ក​ជា​បញ្ហា​ធំៗ​ដែរ​ ហើយ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​ក្នុង​ការ​ទទួល​ស្គាល់​ថា​ គ្មាន​ប្រទេស​មួយ ​ឬ​ក្រុម​ណាមួ​យ​អាច​កំណត់​ជា​ឯកតោ​ភាគី​នូវ​ដំណើរ​នៃ​កិច្ច​ការ​ពិភព​លោក, ​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម ​ឬ​ដោះ​ស្រាយ​បញ្ហា​ ដែល​កំពុង​កើត​មាន​ទាំង​អស់​តែ​ម្នាក់​ឯង​នោះ​ទេ​។​ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​ «ពហុ​ប៉ូល ​ប្រកបដោយ​កិច្ច​សហប្រតិបត្តិការ»​ នឹង​ផ្តល់​នូវ​សក្តា​នុពល​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អន្តរជាតិ​មួយ​ ដែល​មាន​តុល្យភាព ​និង​យុត្តិធម៌​ជាង​មុន​។​ ជា​មួយ​នឹង​បណ្តុំ​នៃ​ឥទ្ធិពល​ចម្រុះ ​បណ្តា​ប្រទេស​តូចៗ ​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ,​ ចូល​រួម​ក្នុង​ដំណើរ​ការ​សម្រេច​ចិត្ត,​ និង​មាន​ឱកាស​ក្នុង​ការ​ចូល​រួម​ការ​ងារ​នានា ​ក្នុង​របៀប​វារៈ​សកល​។​

       ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ ​សីហា​ បាន​បញ្ជាក់​ទៀត​ថា​៖ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​វិញ ​អាស៊ាន​នៅ​តែ​ជា​ប៉ូល​មួយ​ដ៏​សំខាន់ ​ក្នុង​ការ​ធានា​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ អាស៊ាន​មិន​មែន​ជា​សម្ព័ន្ធ​យោធា ​ឬ​ជា​មហា​អំណាច​សេដ្ឋកិច្ច​នោះទេ​ ប៉ុន្តែ​អាស៊ាន​ជា​តួអ​ង្គ​មួយ​ដែល​មាន ​«អំណាច​កោះ​ប្រជុំ» ​ពោល​គឺ​អាស៊ាន​អាច​ប្រមូល​ផ្តុំ​ប្រទេស​មហា​អំណាច​ធំៗ ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​របស់​ខ្លួន​បាន​។​ ចាប់​តាំង​ពី​ការ​បង្កើត​អាស៊ាន​ម​ក អាស៊ាន​បាន​បណ្តុះ​យ៉ាង​សកម្ម​នូវ​ភាព​ជា​ដៃ​គូជា​មួយ​មហា​អំណាច ​និង​ដៃ​គូ​ខាង​ក្រៅ​តាម​រយៈ​យន្ត​ការ​ផ្សេងៗ​ដែល​ដឹក​នាំ​ដោយ​អាស៊ាន​ ដូច​ជា​ អាស៊ាន+១ ​អាស៊ាន​+៣ ​វេទិកា​តំប​ន់​អាស៊ាន ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​។​ យន្ត​ការ​ទាំ​ងនេះ​មិន​ត្រឹម​តែ​មាន​នូវ​កិច្ច​ប្រជុំ​ផ្លូវ​ការ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ទូត​ទ្វេភាគី​សំខាន់ៗ ​ផង​ដែរ​។​ វិធី​សាស្រ្ត​នេះ​ជួយ​លើក​កម្ពស់​កម្រិត​ នៃ​ការ​សន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ទូលំ​ទូលាយ។​

       ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ បាន​សង្កត់​ធ្ងន់​ថា៖​ ទោះ​បី​ជា​កម្ពុជា​មិន​មែន​ជា​ប្រទេស​ធំ​ក៏​ដោយ ​ក៏​យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ ក្នុង​ការ​ស្វែង​រក​សន្តិភាព។​ នយោ​បាយ​ការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ ប្រជាជាតិរបស់យើងប្តេជ្ញាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នា ហើយជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា និងការពិគ្រោះយោបល់។ ឯកឧត្តមបន្ថែមថា៖ សៀវភៅសការការពារជាតិចុងក្រោយបំផុតឆ្នាំ២០២២ របស់កម្ពុជា គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជា ក្នុងការពង្រីកការចូលរួម ក្នុងវិស័យការពារជាតិជាលក្ខណៈអន្តរជាតិ តាមរយៈក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងតំបន់។ ដោយមើលឃើញពីបទពិសោធន៍ផ្ទាល់របស់យើង ជាមួយនឹងការបំផ្លិចបំផ្លាញនៃសង្រ្គាម កម្ពុជាបានត្រៀមខ្លួនដើម្បីចែករំលែកបទពិសោធន៍នៃ នយោបាយឈ្នះ-ឈ្នះរបស់ខ្លួនជាមួយប្រជាជាតិដទៃទៀត ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង ដែលអូសបន្លាយយ៉ាងមានប្រសិទ្ធភាព និងជំរុញសន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រជាជាតិរបស់យើង។

       ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បាន​បញ្ជាក់​ទៀតថា៖​ ក្នុង​រយៈ​ពេល​៣១​ឆ្នាំ​កន្លង​មក​នេះ ​ដោយ​សារ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ​រាជ​រដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា​ នឹង​ចង​ចាំ​ជានិច្ច ​និង​ដឹង​គុណ​ចំពោះ​កង​កម្លាំង​រក្សា​សន្តិភាព ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ ​មក​ជួយ​ស្វែង​រក​សន្តិភាព​ជូន​កម្ពុជា​។​ នេះជា​ហេតុ​ផល​ដែល​កម្ពុជា ​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ខ្លួ​ន ដើម្បី​រក្សា​សន្តិភាព ​និង​កសាង​សន្តិភាព​នៅ​ប្រទេស​ផ្សេងៗ ​ក្នុង​ពិភព​លោក។​

       ក្នុង​អំឡុង​ពេល​១៧​ឆ្នាំ​ចុង​ក្រោយ​នេះ ​«២០០៦-២០២៣» នៃកា​រ​ចូល​រួម​របស់​យើង​ក្នុង​បេស​ក​កម្ម​រក្សា​សន្តិភាព ​ប្រទេស​កម្ពុជា ​បាន​រួម​ចំណែក​ដល់​កង​ទ័ព​របស់​យើង​រាប់​ពាន់​នាក់ ​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព ​នៅ​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​។​ ក្នុង​ចំណោម​កម្លាំង​រក្សា​សន្តិភាព​របស់​យើង ​១៥% ជា​ស្ត្រី​។​ បច្ចុប្បន្ន​នេះ ​ពួក​គេ​កំពុង​ធ្វើជា​គំរូ​លើក​ទឹ​ក​ចិត្ត​ដល់​ស្ត្រី ​និង​យុវជន​ក្នុង​ការ​តស៊ូ​មតិ​ដើ​ម្បីសិទ្ធិ ​និង​ការ​ចូល​រួម​របស់​ពួកគេ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​សន្តិភាព​។

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា​ បាន​បន្ថែម​ថា​៖ សណ្តាប់​ធ្នាប់​ពិភព​លោក​ថ្មី​ តម្រូវ​ឲ្យ​មាន​ការ​គិត​គូរ​ឡើង​វិញ​នូវ​អភិ​ក្រម​របស់​យើង​ក្នុង​វិស័យ​សន្តិសុខ ​និង​ការ​អភិវឌ្ឍន៍​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ជឿ​ទុក​ចិត្ត​គ្នា​ ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ និង​សមភាព​នៅ​តែ​ជាមូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ស្វែង​រ​កការ​អភិវឌ្ឍន៍​រួម​ វិបុល​ភាព​ និង​សន្តិភាព​យូរ​អង្វែង​របស់​យើង។​ វា​ពិ​តជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រជា​ជាតិ​ទាំង​អស់​ ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្រប​ខណ្ឌ​ពហុ​ភាគី​។ ​តាម​ទស្សនៈ​រប​ស់កម្ពុជា ​ពហុ​ភាគី​និយម​មាន​តួនាទី​សំខាន់ ​ក្នុ​ង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ដើម្បី​លើក​កម្ព​ស់សន្តិភា​ព ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ