នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាង យូសៀ (Zhang Youxia) អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈឹមចិន នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ចាង យូសៀ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលជួបពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ចាង យូសៀ ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងការពារជាតិកម្ពុជា ដែលតែងតែគាំទ្រការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាប៉េកាំងសៀនសាន ហើយនេះជាលើកទី២ហើយ ដែលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកានេះ។ នាយឧត្តមសេនីយ៍ ចាង យូសៀ ក៏បានមានប្រសាសន៍ថា៖ កម្ពុជា និងចិន គឺជាមិត្តដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែបនៃប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានបន្តថា៖ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កិច្ចសហប្រតិបត្តិការរវាងកងទ័ព ទាំងពីរក៏កាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀត។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាដល់កម្រិតថ្មីមួយ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបបរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះនាយឧត្តមសេនីយ៍ ចាង យូសៀ និងថ្នាក់ដឹកនាំចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវសមានចិត្ត និងចូលរួមរំលែកទុក្ខចំពោះរាជរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានទទួលរងគ្រោះដោយសារព្យុះទីហ្វុងយ៉ាហ្គី កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចការងារកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលជាការបន្តនូវស្នាដៃ និងសមិទ្ធផលដែលបានពូនជ្រុំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ឯកត្តម ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានខិតខំជួយដល់កម្ពុជា និងបានផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលពីមួយឆ្នាំៗមានការកើនឡើងជាលំដាប់។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាថ្មីៗនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជាការជំរុញនូវកិច្ចសហប្រត្តិបត្តិការជាយុទ្ធសាស្រ្ត ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ ការលើកកម្ពស់ប្រសិទ្ធិភាពជំនួយយោធា និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈសមយុទ្ធយោធារួមគ្នា ដូចជាលំហាត់នាគមាស លំហាត់ទេវតាសន្តិភាព ជាដើម។ ភាគីទាំងពីរ ក៏បានសម្តែងក្តីសង្ឃឹមថា នឹងពង្រីកបន្ថែមទៀតនូវភាពស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញសហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី ៕



















