នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងជំនួបនាឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងលើវិស័យជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យការពារជាតិ ជាមួយនឹងក្រសួងការពារជាតិកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវ ឯកអគ្គរដ្ឋទូតហ្វីលីពីន បានសម្ដែងនូវអំណរសាទរ អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ ក្នុងខណៈពេលដែលលោកជំទាវ ត្រូវបានប្រមុខរដ្ឋាភិបាលហ្វីលីពីន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា នាអាណត្តិថ្មីនេះ។ ជាមួយគ្នានេះលោកជំទាវ ឯករដ្ឋទូតហ្វីលីពីន ក៏បាននាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន ពិសេសរដ្ឋមន្ត្រីក្រសួងការពារប្រទេសហ្វីលីពីន ជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានផ្ញើសារអបអរសាទរក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន។ លើសពីនេះលោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនៅការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជា ពិសេសក្រសួងការពារជាតិ ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្ដែងនៅក្តីសោមនស្សរីករាយ ចំពោះការជួបពិភាក្សាការងារជាមួយលោកជំទាវ ឯករដ្ឋទូតហ្វីលីពីន និងចូលរួមអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាលផ្ដល់នូវទំនុកចិត្ត តែងតាំងលោកជំទាវ ឲ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានរំលឹកអំពីទំនាក់ទំនងកាទូតដ៍យូលុង រវាងកម្ពុជា-ហ្វីលីពីន ហើយដែលតាមរយៈនៃទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កាន់តែរីកចម្រើន ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៍បានផ្ដល់ក្តីជឿជាក់ថា៖ ក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹងពង្រីកបន្ថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកជំទាវឯករដ្ឋទូតហ្វីលីពីន ក៏បានធ្វើការពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការខិតខំប្រឹងប្រែងបន្ថែមទៀត លើការជំរុញកសិកម្មស្បៀង, ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ការហោះហើរត្រង់ឡើងវិញ ពីទីក្រុងនៃប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដើម។ បន្ថែមពីនេះពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ និងសន្តិសុខ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានពិភាក្សាគ្នា អំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសអំពើឆបោក តាមបណ្ដាញព័ត៌មានវិទ្យា និងបណ្ដាញអ៊ីនធឺណិតជាដើម។
ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានជូនពរដល់លោកជំទាវឯករដ្ឋទូតហ្វីលីពីន ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតនៅកម្ពុជា ក្នុងអាណត្តិនេះ ហ្នឹងបានគូសបញ្ជាក់ថា៖ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាប្រភេទទ័ពជំនាញ បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ៕


















