នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ (ROMEO S BRAWNER JR) នាយសេនាធិការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី នៅទីស្ដីការក្រសួងការពារជាតិ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូកងទ័ពហ្វីលីពីន មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍ចំពោះវត្តមានរបស់ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាយសេនាធិការកងទ័ពហ្វីលីពីន នៅកម្ពុជាលើកនេះថា ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងយូរអង្វែង ពិសេសការជួបពិភាក្សារវាងថ្នាក់ដឹកនាំ នៃកងទ័ពប្រទេសទាំងពីរ ដើម្បីបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ កាន់តែរីកចម្រើន និងប្រកបដោយភាពជិតស្និទ្ធ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ទាំងអតីតកាលក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន បន្តរីកចម្រើនជាលំដាប់ និងកាន់តែរឹងមាំ ទោះបីបញ្ហាក្នុងតំបន់ និងពិភពលោកមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបានអនុវត្តកន្លង ពិសេសភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ(TOR) កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចជាវគ្គហ្វឹកហ្វឺនបញ្ជាការសេនាធិការ វគ្គនាយទាហានថ្មើរជើង វគ្គជំនាញឆ័ត្រយោង និងការបញ្ជូនគ្រូបង្គោលហ្វីលីពីនមកជួយបណ្ដុះបណ្ដាលលើជំនាញស្រាវជ្រាវដាន និងប្រយុទ្ធក្នុងទីក្រុង ដល់កងទ័ពជើងគោកកម្ពុជា ដែលទើបនឹងបញ្ចប់ប្រកបដោយជោគជ័យកាលពីថ្មីៗនេះ។ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់កងទ័ពហ្វីលីពីនតាមរយៈឯកឧត្តម នាយសេនាធិការកងទ័ពហ្វីលីពីន លើកិច្ចការមួយចំនួនដែលរួមមាន៖ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ(TOR) របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន ក្នុងនោះមានការផ្លាស់ប្តូរទស្សនកិច្ចនៅកម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការបន្តជំរុញអនុវត្តការដំឡើងកម្រិតនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ(TOR) រវាងកងទ័ពជើងទឹក កងទ័ពជើងអាកាស ប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ។ បន្ថែមលើនេះបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក សំដៅទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា ការប្រឆាំងអំពើភេរវកម្ម កិច្ចសហការការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាដើម។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR បានសម្ដែងនូវសេចក្ដីរំភើបរីករាយ ចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ពីសំណាក់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានបញ្ជាក់ថា៖ ការមកបំពេញទស្សនកិច្ចនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់អតីតមេបញ្ជាការកងទ័ពជើងគោក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន។ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR ក៏បានសម្ដែងនូវសុទិដ្ឋិនិយមរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ចំពោះការខិតខំយកចិត្តទុកដាក់ពង្រឹងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រភេទទ័ពនៃកងទ័ពប្រទេសទាំងពីរ។ នាយសេនាធិការកងទ័ពហ្វីលីពីន ក៏បានបញ្ជាក់ជូនពីការកត់ត្រាទុកចំពោះសំណើផ្សេងៗ ដែលនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងឱកាសនេះ ទាក់ទងជាមួយនឹងការហ្វឹកហ្វឺន កសាងសមត្ថភាព កិច្ចសហប្រតិបត្តិការ រវាងប្រភេទទ័ព ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងអំពើភេរវកម្មជាដើម ៕


















