បន្ទាប់ពីបានដំណើរការធ្វើការពិភាក្សាអស់រយៈពេលពេញ១ថ្ងៃ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ“រួមគ្នាពង្រឹងឃឿនការពារជាតិ” ត្រូវបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលអង្គសិក្ខាសាលានេះ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងារ សម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល បានអានរបាយការណ៍បូកសរុបលទ្ធផលអង្គសិក្ខាសាលាបញ្ជាក់អោយដឹងថា៖ សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព ដែលបានប្រារព្ធនាពេលនេះ មានគោលបំណងដើម្បីបន្តលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព អោយបន្តជំរុញប្រពៃណីសិល្បៈនៃការចែករំលែក ជួយគ្នាទៅវិញទៅមកឱ្យបានកាន់តែសកម្មថែមទៀត និងដើម្បីពង្រឹងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព សម្រាប់តម្រង់ទិសឱ្យមានគុណប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពទៅបម្រើឱ្យទស្សនៈវិស័យយូរអង្វែងដូចជា៖ ការស្ថាបនាសំណង់អគារលេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន យោធិនត្រៀមចូលនិវត្តន៍ ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់យោធិនត្រៀមចូលនិវត្តន៍ថែមទៀត។ លោកជំទាវ នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា៖ តាមរយៈអង្គសិក្ខាសាលាក៏បានធ្វើការដកពិសោធន៍ ពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយនូវអ្វីដែលយើងបានអនុវត្តនាពេលកន្លងមក និងអ្វីដែលបានអនុវត្តមិនទាន់បាន ដោយបានលើកឡើងចំណុចខ្លាំងចំណុចខ្សោយ ដើម្បីធ្វើជាបទពិសោធន៍សម្រាប់តម្រង់ទិស ឱ្យចំគោលដៅភារកិច្ចដែលចង់បាន ពោលគឺជំរុញដល់វឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាពនាពេលខាងមុខ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានសង្កត់ធ្ងន់ថា៖ អង្គសិក្ខាសាលាបានរិះរកលើកគោលដៅ និងវិធីសាស្ត្រនានា ដើម្បីជំរុញអោយការងារសម្ព័ន្ធមេត្រីភាពកាន់តែទទួលបានទិន្នផល និងប្រសិទ្ធភាពខ្ពស់ សំដៅកសាងពង្រឹងកងយោធពលខេមរភូមិន្ទអោយកាន់តែរឹងមាំ។
ថ្លែងបិទអង្គសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព គឺពិតជាមានសារៈសំខាន់ ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់។ ឯកឧត្តមបានបន្តថា៖ សិក្ខាសាលានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច-សង្គមកិច្ច ពាក់ព័ន្ធនិងវិស័យការពារជាតិ។ ប្រធានបទ “រួមគ្នាពង្រឹងខឿនការពារជាតិ” ដែលអង្គសិក្ខាសាលាបានដាក់ចេញ នឹងលើកកម្ពស់ភាពជាដៃគូក៏ដូចជាពង្រីកកិច្ចសន្ទនា ជាពិសេសការពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា និងគ្នាកាន់តែជិតស្និទ្ធលើមូលដ្ឋាននៃ“ខឿនការពារជាតិរបស់ប្រជាជន”ដើម្បីជាគំរូបទពិសោធន៍ និងជាគុណប្រយោជន៍យុទ្ធសាស្រ្តយូរអង្វែង តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រឡាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិដោយស្មារតីមោទនភាពជាតិខ្ពស់ ផ្សារភ្ជាប់ខ្លួនរវាងកងទ័ព និងប្រជាជនបានល្អ មានន័យថាប្រជាជនគឺជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់ផ្គង់កម្លាំងនិងភស្តុភារ ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ។ តាមរយៈសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព នៅទិសយោធភូមិភាគទី៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ស្ថាប័នអង្គភាពស៊ីវិលរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុនសហគ្រាស អង្គការ សមាគមវិស័យឯកជន និងសប្បុរសជននានា មេត្តាបន្តចូលរួមគាំទ្រ“ស្មារតីនៃវប្បធម៌ចែករំលែក”ក៏ដូចជាគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។ បន្តពង្រឹង និងលើកកម្ពស់ប្រពៃណីល្អ នៅក្នុងសម្ព័ន្ធមេត្រីភាព ព្រមទាំងបំផុសអប់រំលើកទឹកចិត្តចលនាមហាជន ប្រជាជន យុវជនឱ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តាំផ្ញើដល់ ខ.ភ.ម ក្នុងយោធភូមិភាគទី៥ ត្រូវចូលរួមអនុវត្ត ឱ្យបានសកម្ម និងមានប្រសិទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវគោរពបទវិន័យច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន កងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់គោរព និងអនុវត្តឱ្យបានម៉ឹងម៉ាត់តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានថ្លែងសារពិសេសនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់វិស័យការពារជាតិកាន់តែរឹងមាំ ធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់កាលៈទេសៈ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជន អង្គភាព ក្រុមហ៊ុន ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយយោធភូមិភាគទី៥ និងប្រគល់ប័ណ្ណសរសើរដល់ក្រុមការងាររៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពផងដែរ ៕


































































