បន្ទាប់ពីបានប្រារព្ធពិធីបើកអង្គសិក្ខាសាលាដកបទពិសោធលើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិរួចមក សមាជិកអង្គសិក្ខាសាលាក៏បានតាមដាននូវរបាយការណ៍បូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២៣ ឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ដែលអានដោយឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក។
លោកជំទាវ នាយឧត្តមសេនីយ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល បានដឹកនាំធ្វើការពិភាក្សាខ្លឹមសារស្របទៅប្រធានបទសិក្ខាសាលាបានដាក់ចេញគឺ រួមគ្នាពង្រឹងខឿនការពារជាតិ ដោយវាគ្មិនចូលរួមជាមតិ តំណាងមកពីអង្គភាពយោធភូមិភាគទី៥, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងសុខាភិបាល, តំណាងរតនាគារជាតិ, តំណាងរដ្ឋបាលខេត្តបាត់ដំបង និងតំណាងរដ្ឋបាលខេត្តប៉ៃលិន។ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាយ៉ាងផុសផុល ផ្លាស់ប្តូរបទពិសោធរិះរកនូវវិធានការគន្លឹះនានា ក៏ដូចជាការរំលេចចេញនូវវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅសេដ្ឋកិច្ចបន្ត ក្នុងទស្សនៈរួមសម្រាប់ការរៀបចំផែនការសកម្មភាពអនុវត្តជាក់ស្ដែង នាពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅលើកកម្ពស់វប្បធម៌ចែករំលែក សំដៅពង្រឹងខឿនការពារជាតិ ប្រជាជនកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងកិច្ចពិភាក្សានេះវាគ្មិនទាំងអស់ បានផ្ដោតសំខាន់ទៅលើតម្រង់ទិសឲ្យអង្គភាពទ័ពរៀបចំផែនការលម្អិត ផែនការសកម្មភាពត្រូវតម្រូវការជាក់ស្ដែង និងតម្រូវការជាអាទិភាព ដើម្បីស្នើសុំឲ្យដៃគូសម្ព័ន្ធមេត្រីភាព។ ចំពោះអង្គភាពស៊ីវិលដែលជាដៃគូសម្ព័ន្ធមេត្រីភាពត្រូវរៀបចំផែនការ និងកំណត់អំពីជំនួយជួយដល់អង្គភាពទ័ព លើតម្រូវការចាំបាច់ និងអាទិភាព ដើម្បីជួយឧបត្ថម្ភដល់អង្គភាពកងទ័ព។ ការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព បម្រើទស្សនវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារលេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវតាមបណ្ដាព្រំដែន រួមគ្នាជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខុមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
គួរបញ្ជាក់ថា៖ គ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវការ កងទ័ពតែងតែបានទទួលការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីមហាជន អង្គភាពស៊ីវិល ស្ថាប័ន សហគ្រាសរដ្ឋ រួមទាំងវិស័យឯកជន និងសប្បុរសជននានា ពីគ្រប់ទិសទី ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ប្រពៃណីសិល្បៈនៃការចែករំលែកនេះ មានការរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ដែលបានវិវឌ្ឍប្រែប្រួលពីការជួយឧបត្ថម្ភសម្រាប់ទ្រទ្រង់ដល់សេចក្ដីត្រូវការនៅពេលប៉ះទង្គិចយោធាតាមបណ្ដាទិសនានា ទៅជាការជួយឧបត្ថម្ភមានលក្ខណៈជាយុទ្ធសាស្ត្រសេដ្ឋកិច្ច និងសង្គមកិច្ចយូរអង្វែង ដែលមានលក្ខណៈសកល ផុលផុសនៅទូទាំងប្រទេសផងដែរ ៕


















