ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូមហាវិទ្យាល័យការពារជាតិឥណ្ឌា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ មូកេស អាហ្គាវ៉ាល់ (Mukesh Aggarwal) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មូកេស អាហ្គាវ៉ាល់ (Mukesh Aggarwal) បានជម្រាបជូនថា៖ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកម្សិលមិញនេះ ក្នុងគោលបំណងទស្សនកិច្ចសិក្សាស្វែងយល់ ពីដំណើរការក៏ដូចជាការវិវឌ្ឍរីកចម្រើនផែនការយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនផងដែរមហាវិទ្យាល័យការពារជាតិឥណ្ឌាមានទីតាំងនៅទីក្រុងញូវដេលី ហើយបានធ្វើការបណ្ដុះបណ្ដាលនាយទាហាន និស្សិតយោធា ដែលមកពីបណ្ដាប្រទេសជាង៤០ប្រទេស កំពុងតែសិក្សានៅលើកម្មវិធីចំនួន៦ផ្នែក ក្នុងនោះសិក្សាដែលផ្ដោតទៅលើទស្សនវិស័យផែនការយុទ្ធសាស្ត្រការពារជាតិ នៃបណ្ដាប្រទេសជិតខាងជាគោល។ ហើយឯកឧត្តមក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូមហាវិទ្យាល័យការពារជាតិឥណ្ឌា បានចូលជួបសម្តែងការគួរសម និងបានទស្សនកិច្ចសិក្សាស្វែងយល់នៅថ្ងៃនេះ។
ជាកិច្ចឆ្លើយតបក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ យន្ត មីន បានរំឭកឡើងវិញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយប្រវត្តិសាស្ត្រក៏មានការពាក់ព័ន្ធគ្នាយ៉ាងច្រើន ទាំងវិស័យសាសនា ក៏ដូចជាការកសាងប្រាង្គប្រាសាទនានាផងដែរ។ ក្នុងនោះនាយឧត្តមសេនីយ៍រដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា៖ ប្រទេសឥណ្ឌាជាប្រទេសទី៣ និងជាប្រទេសទី១ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយបានដាក់ទូតកុងស៊ុលនៅកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បង្ហាញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់ឥណ្ឌាចំពោះកម្ពុជា ហើយជាបន្តបន្ទាប់មកទៀតក៏បានចូលរួមជួយឧបត្ថម្ភគាំទ្រក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជានាឆ្នាំ១៩៩៣ នៅក្នុងកងកម្លាំងអ៊ុនតាក់ និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រជាច្រើនទៀត ដល់ការកសាង និងការអភិវឌ្ឍរបស់កម្ពុជា ពិសេសការសហប្រតិបត្តិការល្អ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាវិស័យកងរក្សាសន្តិភាពកម្ពុជាផងដែរ។ នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងនូវក្ដីជឿជាក់ផងដែរថា៖ ឥណ្ឌានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទតទៅមុខទៀត ពិសេសលើវិស័យបច្ចេកវិទ្យា និងបានជំរុញមានកិច្ចសហការល្អ រវាងមហាវិទ្យាល័យការពារជាតិឥណ្ឌា ជាមួយនឹងសាកលវិទ្យាល័យការពារជាតិកម្ពុជា លើការបណ្ដុះបណ្ដាលធនធានមនុស្ស នាយទាហាននៃប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌា។
ជាមួយគ្នានេះ ឯកឧត្តម ភារធារីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានមានប្រសាសន៍ដែរថា៖ នៅក្នុងឆ្នាំកន្លងទៅនេះ ឥណ្ឌាបានទទួលសិក្ខាកាម នាយទាហានចំនួន៨០នាក់ ទៅបណ្ដុះបណ្ដាលសិក្សានៅប្រទេសឥណ្ឌា និងទទួលនាយទាហានកម្ពុជាចំនួន១រូប សម្រាប់សិក្សាវគ្គនៅមហាវិទ្យាល័យការពារជាតិឥណ្ឌា នាឆ្នាំនេះផងដែរ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាមិត្តភក្តិដ៏ល្អរបស់ឥណ្ឌា ៕

















