ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ ព្រមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អគ្គនាយក អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ ជាច្រើនរូបទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលធំអន្តរាគមន៍លេខ២ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងមតិស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-វៀតណាម-ឡាវ(CLV) ដែលជាការផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិត ឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឆ្នាំ១៩៩៩ ដែលបាននិងកំពុងបន្តដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ២ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានសម្តែងការចូលរួមអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេងរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក និងបានប្តេជ្ញាកម្ទេចរាល់ឧបាយកល ជ្រុលនិយម បំផ្លាញសន្តិភាព បំផ្លាញសង្គមជាតិ បង្កវិទ្ធង្សនា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ចជាកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ, ការពារព្រះមហាក្សត្រ ជាទីគោរពសក្ការៈ, ការពាររាជរដ្ឋាភិបាល និងប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និង«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា អោយសម្រេចបានជោគជ័យ។

មានប្រសាសន៍សំណេះសំណាលជាមួយ នាយទាហាន ពលទាហាន កងពលធំអន្តរាគមន៍លេខ២ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងកងពលធំអន្តរាគមន៍លេខ២ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចពិជ័យសេនា ទៀ បាញ់ អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះនាយទាហាន និងពលទាហាន ទាំងអស់ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ៖ គោលជំហររបស់ ខ.ភ.ម គឺការពារអោយបានដាច់ខាត នូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបងប្អូនប្រជាពលរដ្ឋយើង បានជ្រើសរើសគណបក្សប្រជាជន អោយដឹកនាំប្រទេសជាតិ មានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺគម្រប់ខួប១ឆ្នាំ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលនិតិកាលទី ៧ ប្រកបដោយជោគជ័យ ក្នុងនោះរួមមាន ការស្តារសេដ្ឋកិច្ចជាតិរបស់យើង ហើយនៅលើឆាកអន្តរជាតិ ក៏បានបង្ហាញនូវភាពរីកចម្រើន ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដ៏ទៃទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីការប៉ុនប៉ងបង្កចលាចល របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងញុះញង់ ធ្វើអោយបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ ក្នុងពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ដែលទង្វើនេះ យើងទាំងអស់គ្នាជាខ.ភ.ម ត្រូវចូលរួមទប់ស្កាត់ ដើម្បីការពារសុខសន្តិភាព ជូនប្រជាជនកម្ពុជាឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ ខ.ភ.ម ក្នុងការថែរក្សា និងការពារសន្តិភាព។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តាំផ្ញើដល់កងពលធំអន្តរាគមន៍លេខ២ ត្រូវបន្តកសាងកម្លាំង ខ.ភ.ម អោយមានឧត្តមគតិស្មោះត្រង់ចំពោះជាតិមាតុភូមិ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសុខសន្តិភាពបានរឹងមាំ ការពារបូរណៈភាពទឹកដី និងការពាររាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាជនតាមរយៈការបោះឆ្នោត និងការពារនូវរាល់សមិទ្ធផលសង្គមជាតិ។ ត្រូវទប់ស្កាត់អោយខាងតែបាន និងទាន់ពេលវេលា រាល់ជនអគតិ ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំកងពល ត្រូវយកចិត្តទុកដាក់លើកម្ពស់គុណភាពការងារអប់រំចិត្តសាស្ត្រ ជំនាញវិជ្ជាជីវៈ ផ្សព្វផ្សាយអប់រំ ច្បាប់ បទវិន័យកងទ័ព និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធ នឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះកងទ័ព ដល់យោធិនគ្រប់រូប ដើម្បីធានានូវភាពស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ធានានូវការគោរពរដ្ឋធម្មនុញ្ញ-ច្បាប់របស់រដ្ឋ គោរពវិន័យបទបញ្ជារបស់កងទ័ព និងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រគល់អំណោយរបស់ក្រសួងការពារជាតិមាន៖ អង្ករ មី និងថវិកា ជូនដល់កងពលធំអន្តរាគមន៍លេខ២ ផងដែរ ៕
































