នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយហ្គោលកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនពរ ក្នុងឱកាសដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ត្រូវបានសន្និបាតសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បោះឆ្នោតឱ្យទទួលធ្វើជាប្រធានសហព័ន្ធកីឡាវាយហ្គោលកម្ពុជាជំនួស សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ កាលពីពេលថ្មីៗកន្លងមកនេះ។
លើកឡើងក្នុងឱកាសនោះ ឯកឧត្តម ជា បូរ៉ា តំណាងឲ្យគណៈប្រតិភូសហព័ន្ធកីឡាវាយហ្គោលកម្ពុជាទាំងអស់ សូមអបអរសាទរ ដែលឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបានការគាំទ្រពីសំណាក់មហាសន្និបាតលើកទី៥ របស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ឲ្យទទួលធ្វើជាប្រធានសហព័ន្ធកីឡាវាយហ្គោលកម្ពុជា ដើម្បីធ្វើការដឹកនាំសហព័ន្ធក្នុងអណត្តិទី៥ ឆ្នាំ២០២៤-២០២៨នេះ ទទួលបានជោគជ័យ។ ឯកឧត្តម បានបញ្ជាក់ថា៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៨ ដោយមាន សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើជាប្រធានសហព័ន្ធកីឡាវាយហ្គោលកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ជាអគ្គលេខាធិការ, រហូតបច្ចុប្បន្នឯកឧត្តមបានទទួលជំនួស ដោយឯកឧត្តម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ មានការមមាញឹកលើការងារ។ ឯកឧត្តម ជា បូរ៉ា បានបន្តទៀតថា៖ ក្នុងកិច្ចដំណើរការរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាកន្លងមក យើងបានធ្វើការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ហើយតែងតែទទួលបានលទ្ធផលប្រសើរ មិនតែប៉ុណ្ណោះបច្ចុប្បន្នសហព័ន្ធកីឡាវាយកូនគោលកម្ពុជា មានក្លឹបអន្តរជាតិមួយចំនួនបានទទួលស្គាល់សហព័ន្ធ និងមានការអញ្ជើញឲ្យចេញទៅប្រកួតជាបន្តបន្ទាប់ទៀតផង។ តែដោយសារថវិកាមានកម្រឹត សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក៏បានទទួលខ្លះៗតែប៉ុណ្ណោះ។ ឯកឧត្តម ជា បូរ៉ា ក៏បានជំរាប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឲ្យបានជ្រាបពីគោលដៅរបស់សហព័ន្ធក្នុងអណត្តិទី៥នេះ គឺខិតខំប្រឹងប្រែងធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាលនូវថ្នាលកីឡាវាយកូនគោល គឺជ្រើសរើសយុវជនមានវ័យក្មេងៗមកហាត់ហ្វឹកហ្វឹន ដើម្បីទុកជាទុនបំរុងយូរអង្វែង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះគណៈប្រតិភូសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដែលបានមកជូនពរ និងសំដែងការគួរសមនាពេលនេះ។ ឯកឧត្តម បានឯកភាពលើការលើកឡើងរបស់ ឯកឧត្តម អគ្គលេខាសហព័ន្ធ ដែលបានគិតគូរក្នុងអណត្តិនេះ ចំពោះការហ្វឹកហ្វឺនបណ្តុះបណ្តាល នូវថ្នាលកីឡាវាយកូនគោលជូនចំពោះយុវជនមានវ័យក្មេងៗ មកហាត់ហ្វឹកហ្វឹន ដើម្បីទុកជាទុនបំរុងយូរអង្វែងរបស់ប្រទេសជាតិយើង។ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គឺត្រូវចេះសហការជាមួយក្លឹបនានា ដែលមាននៅក្នុងប្រទេស ដើម្បីស្វែងរកថវិកាយកមកបំរើសហព័ន្ធផង និងបានជួយឃោសនាក្លឹបឲ្យកីឡាករក្នុងប្រទេស ឬក្រៅប្រទេសបានស្គាល់ ហើយមកលេងកីឡាវាយគោលនេះនៅកម្ពុជាទៀត ៕





















