ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញធ្វើបាឋកថាស្តីអំពីការងារធានា ភស្តុភារ-ហិរញ្ញវត្ថុយោធា ជូនដល់សិក្ខាកាម ដែលកំពុងសិក្សានៅតាមបណ្តាមហាវិទ្យាល័យ នៃសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម សាកលវិទ្យាធិការ សាកលវិទ្យាធិការរង យោធាចារ្យ នៃសាកលវិទ្យាល័យការពារជាតិ ឯកឧត្តម តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងសិក្ខាកាមចូលរួមប្រមាណជាង៥០០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់អោយដឹងថា៖ សាកលវិទ្យាល័យការពារជាតិ មាន៥មហាវិទ្យាល័យ និងមជ្ឈមណ្ឌលចំនួន៣ ដែលបានបណ្ដុះបណ្ដាលនាយទាហាន ដើម្បីឲ្យមានសមត្ថភាព ក្នុងការចូលរួមចំណែកពង្រឹងវិស័យការពារជាតិ។ ឯកឧត្តម បានបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា និងក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-វៀតណាម-ឡាវ គឺមានតាំងពីយូរមកហើយ កិច្ចសហការនេះ ក្នុងគោលបំណងដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ ការរីកចម្រើន ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចប្រជាជនប្រទេសជិតខាងទាំងពីរ ដែលកិច្ចសហប្រតិបត្តិការនេះ បានផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីផលប្រយោជន៍ នៃសន្តិភាព ការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម សម្រាប់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅខេត្តជាប់ព្រំដែនប្រទេសទាំង៣។
ឯកឧត្តម ម៉ឹង សំផន បានបន្តថា៖ ព្រែកជីកដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ មានគោលបំណងសម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍ ដែលជាផ្លូវទឹក ដ៏មានសារៈសំខាន់ សម្រាប់ចេញទៅកាន់ច្រកសមុទ្របានឆាប់រហ័ស។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ព្រែកជីកនេះ មិនមែនមានតែកម្ពុជាយើងទេ នៅវៀតណាម ថៃ ក៏មានដូចកម្ពុជាដែរ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ក៏ដូចជាសម្តេចធិបតី ប្រទេសជាតិយើងមានការរីកចម្រើនយ៉ាងខ្លាំង លើគ្រប់វិស័យក្នុងនោះ ឯកឧត្តម ក៏បានសម្ដែងនូវការដឹងគុណចំពោះ សម្ដេចតេជោ ដែលបានខិតខំដឹកនាំប្រទេសជាតិជាច្រើនទសវត្សរ៍មកនេះ ធ្វើឱ្យមានការរីកចម្រើនមានសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ ដែលសមិទ្ធផលទាំងអស់នេះ យើងមិនត្រូវឲ្យអ្នកណាម្នាក់មកបំផ្លាញបានឡើយ។ យើងត្រូវប្រឆាំងដាច់ខាត ចំពោះជនអគតិជ្រុលនិមយមួយចំនួន ដែលមានបំណងញុះញង់ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងបំផ្លាញសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ននេះ។ ជាចុងក្រោយ ឯកឧត្តម ម៉ឹង សំផន ក៏បានអំពាវនាវដល់សិក្ខាកាម ក្នុងសាកលវិទ្យាល័យការពារជាតិ សូមជឿលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំដឹកនាំប្រទេសជាតិឱ្យមាន សុខសន្តិភាព និងការអភិវឌ្ឍចំរើនសម្រាប់ថ្ងៃអនាគត ៕


































