កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ១លើកដំបូង ជូនដល់យោធិនសោធននិវត្តន៍ គណៈយុទ្ធមិត្តមកពី១៨ រាជធានី-ខេត្ត សរុបមានចំនួន៦៦៧នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ទទួលបន្ទុកការងារគោលនយោបាយ និងជាប្រធានអនុគណៈកម្មការគោលនយោបាយ បានលើកឡើងអំពីវឌ្ឍនភាពការងារដោះស្រាយគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក ដែលបានផ្ទេរចេញនូវចំនួនយោធិនពលី មរណៈ ពិការ និងសោធននិវត្តន៍ ដើម្បីឲ្យស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលគោលរបបបន្តនៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដោយឡែកការបើកប្រាក់ឧបត្ថម្ភគោលនយោបាយនៅពេលនេះ គឺអនុវត្តតាមព្រះរាជក្រមលេខ០៧ អនុក្រឹត្យលេខ១១៥ អនុក្រឹត្យលេខ១០១ និងប្រកាសលេខ០៥៦ ស្ដីពីយោធិនសោធននិវត្តន៍ ត្រូវទទួលបានប្រាក់ឧបត្ថម្ភគោលនយោបាយ១លើកដំបូង ស្មើ៨ខែនៃប្រាក់បៀវត្សរ៍មូលដ្ឋានចុងក្រោយ បូករួមទាំងប្រាក់ប្រុងប្រៀបជីវភាពរស់នៅចំនួន២០៦,០០០៛ (ពីរសែនប្រាំមួយពាន់រៀល) តាមប្រកាសអន្តរក្រសួងលេខ១៣០។ ឯកឧត្ដមបានបន្តទៀតថា៖ ចំពោះការឧបត្ថម្ភប្រាក់គោលនយោបាយ ដែលត្រូវបើកនៅពេលនេះ គឺជាការតបស្នងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដោយបានរៀបចំបញ្ចូល និងបញ្ចេញពីក្របខ័ណ្ឌក្នុងពេលតែមួយ ផ្តល់ជូននូវឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ហើយទទួលគោលរបបដូចជាយោធិន នៃកងយោធពលខេមរភូមិន្ទដែលដល់ចូលសោធននិវត្តន៍ផងដែរ។ ដូច្នេះយោធិន១រូប ត្រូវបើកបានប្រាក់ឧបត្ថម្ភគោលនយោបាយក្នុងពេលនេះស្មើនឹង ៩,៩០៥,៤៤០.០០៛(ប្រាំបួនលានប្រាំបួនសែនសូន្យម៉ឺនប្រាំពាន់បួនរយសែសិបរៀល)។

នាឱកាសនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងអំពីជីវភាព វីរៈភាពដ៏អង់អាចក្លាហានរបស់យោធិន គណៈយុទ្ធមិត្តគ្រប់រូប ដែលមានប្រវត្តិតស៊ូជូរចត់ និងមានគុណបំណាច់យ៉ាងធំធេង បានចូលរួមធ្វើពលិកម្មឥតរួញរា ក្នុងស្មារតីបុព្វហេតុជាតិ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់គ្រួសារ ប្តី-ប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីសង្គ្រោះប្រជាជនការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបានចូលរួមផ្ដួលរំលំ នៅរបបវាលពិឃាតប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះ ពិសេសចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាព ឯករាជ្យជាតិ ស្ថិរភាព សេរីភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយកិត្យានុភាពជាបន្តបន្ទាប់ ពិសេសបន្តរួមគ្នាគាំទ្រ និងគោរពអនុវត្តតាមទស្សនវិស័យកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងវិធានការគន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕




















































