ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម មកធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជានាលើនេះ។ តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនៅកម្ពុជាលើកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើន និងរឹងមាំស្ថិតស្ថេរយូរអង្វែង។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពស្និទ្ធស្នាលកក់ក្តៅ ចំពោះគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជាលើកនេះ។ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន (Hoang Xuan Chien) ក៏បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អំពីលទ្ធផល នៃកិច្ចប្រជុំទ្វារភាគី រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម នៅទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃម្សិលមិញ ដោយបានផ្ដោតសំខាន់ទៅលើគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីកម្ពុជា-វៀតណាម លើកទី៧ ដើម្បីជម្រុញ និងបង្កើនថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ វៀតណាម-កម្ពុជា ប្រចាំឆ្នាំ២០២៤។
ឯកឧត្តម ទៀ សីហា បានសម្ដែងនូវការអបអរសាទរ និងក្តីរំភើបរីករាយ ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំទ្វារភាគី លើកទី៧ នៅទីក្រុងភ្នំពេញលើកនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សង្ឃឹមយ៉ាងមុតមាំថា៖ ក្រោយកិច្ចប្រជុំទេ្វភាគី នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយក៍សូមឱ្យចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាបងប្អូនប្រទេសភូមិផងរបងជិតខាងគ្នា រវាងបក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំង២ នៅឋិតថេរយូរអង្វែង ៕
























