កិច្ចប្រជុំគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី កម្ពុជា និងវៀតណាម លើកទី៧ បានរៀបចំឡើងកាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជំរុញ និងបង្កើនថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា និងវៀតណាម។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិបានថ្លែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយបក្សរដ្ឋាភិបាលកងទ័ពប្រជាជនវៀតណាម និងក្រុមគ្រួសារ ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណៈភាពកាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។ ឯកឧត្តម ចាយ សាំងយុន បានលើកឡើងថា៖ កិច្ចសន្ទនាគ្នានាពេលនេះជាសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពរបស់ប្រទេសទាំង២ ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលជាយន្តការដ៏ចាំបាច់មួយឆ្លើយតបទៅនឹងស្មារតី អនុវត្តតាមផែនការពិភាក្សាប្រចាំឆ្នាំ របស់ក្រសួងការពារជាតិនៃប្រទេសទាំង២ ស្របពេលសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាមទារឲ្យកងទ័ពទាំង២ បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខឲ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ ព្រមទាំងយកចិត្តទុកដាក់អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីឧត្ដមប្រយោជន៍របស់ប្រជាជន កងទ័ព និងត្រៀមលក្ខណៈកាត់បន្ថយឥទ្ធិពលអវិជ្ជមាននានា និងក្រុមប្រឆាំងជ្រុលនិយម ដែលមានការគាំទ្រពីសំណាក់ខាងក្រៅ។
ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ប្រជាជន និងកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់យ៉ាងធំធេងរបស់ប្រជាជនវៀតណាម ក្នុងការចូលរួមបុណ្យសពរបស់ ឯកឧត្តម អគ្គលេខាធិការមជ្ឍិមបក្សវៀតណាម កាលពីខែកក្កដាកន្លងទៅនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ វៀតណាម និងកម្ពុជាជាប្រទេសជិតខាង ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ប្រជាជនយើងទាំង២ តែងបានប្រកៀកស្មាប្រយុទ្ធប្រឆាំងអាណានិគមចក្រពត្តិ និងផ្តួលរំលំរបបប្រល័យពូជសាសន៍។ បក្សរដ្ឋ និងប្រជាជនវៀតណាមវាយតម្លៃខ្ពស់ និងផ្តល់ជាអាទិភាពយ៉ាងជ្រាលជ្រៅ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយនឹងកម្ពុជា វៀតណាមតែងតែគាំទ្រកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព ស្ថិរភាពនិងតួនាទីសំខាន់នៅលើឆាកអន្តរជាតិ ៕





























