សៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ទីម៉ូធី អូ’ប្រៀន (Timothy O’Brien) អនុព័ន្ធយោធាអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ ក្នុងឱកាសដែលរូបលោក ត្រូវបានក្រសួងការពារជាតិ ចក្រភពអង់គ្លេស តែងតាំងជាសេនានុព័ន្ធអង់គ្លេសថ្មី ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេសសុខសន្តិភាពពេញលេញ ដែលកម្ពុជាមានក្នុងរយៈពេល២៦ឆ្នាំ ព្រមទាំងជោគជ័យ នៃព្រឹត្តិការណ៍ធំៗ ដែលសម្រេចបាន រួមមាន៖ ការគ្រប់គ្រងជំងឺកូវីដ-១៩, ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១, ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម, ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។ ឯកឧត្តម បានរំឭកពីចំណងមិត្តភាព កម្ពុជា-អង់គ្លេស ដែលមានរយៈពេលជាយូរលង់ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងបានថ្លែងអំណរគុណប្រទេសអង់គ្លេស ដែលជាស្ថាបនិក នៃសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា នៅឆ្នាំ១៩៩១ ដែលនាំឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង់គ្លេស បានបង្ហាញកាន់តែច្បាស់តាមរយៈនៃដំណើរបំពេញទស្សនកិច្ច របស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសអង់គ្លេសកន្លងមកនេះ។ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកន្លងមក ប្រទេសអង់គ្លេសធ្លាប់បានជួយដល់កម្ពុជាលើច្រើនវិស័យ មានដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យសុខាភិបាល និងការអភិរក្សបេតិកភណ្ឌជាតិ។ ដោយឡែកលើវិស័យយោធា អង់គ្លេសបានជួយឧបត្ថម្ភសម្ភារៈ ក៏ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ និងការបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេស និងការបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ ឯកឧត្តម បានថ្លែងអំណរគុណ និងសង្ឃឹមថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានចារកម្ម និងការបង្ក្រាបបទឧក្រិដ្ឋកម្មផ្សេងៗ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ទីម៉ូធី អូ’ប្រៀន (Timothy O’Brien) អនុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា បានចូលរួមអបអរសាទរជាមួយនឹងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅព្រឹត្តិការណ៍ថ្មីជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ព្រែកជីហ្វូណន-តេជោ» ដើម្បីនយោបាយឯករាជ្យ ការដឹកជញ្ជូនរបស់កម្ពុជា និងផលប្រយោជន៍ជាច្រើនទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ ហើយក៏សូមចូលរួមសោកស្ដាយជាមួយនឹងកងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់អាកាសយាននិកពីររូប ដែលបានធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំរបស់ប្រទេសកម្ពុជា ក្នុងពេលកំពុងបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ។ សម្រាប់កិច្ចសហប្រតិបត្តិការនៅពេលខាងមុខ លោកវរសេនីយ៍ឯក ទីម៉ូធី អូ’ប្រៀន (Timothy O’Brien)បានសន្យាថា នឹងខិតខំបំពេញបេសកកម្មក្នុងកិច្ចសហការជាមួយកងយោធពលខេមរភូមិន្ទ ព្រមទាំងសិក្សារកដំណោះស្រាយរាល់សំណូមពររបស់កម្ពុជា ក្នុងនោះនឹងខិតខំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរផងដែរ ៕

















