ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ កម្ពុជា និងចិន ជាប្រទេសដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយបច្ចុប្បន្ននេះបានឈានដល់កម្រិតគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប ពិសេសនៅលើវិស័យការពារជាតិ ដែលកន្លងមកនេះ និងការសមយុទ្ធរួមគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានចាត់ទុកការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤កន្លងទៅនេះ បានជម្រុញឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត នូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ក្នុងកិច្ចគាំទ្រសន្តិសុខ សន្តិភាពប្រទេស និងនៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរអរគុណផងដែរ ចំពោះការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈរបស់រដ្ឋាភិបាល ប្រជាជន និងក្រសួងការពារប្រទេសចិន មកដល់ កម្ពុជា និងខ.ភ.ម។ ហើយសង្ឃឹមថាកិច្ចការទាំងនេះ យើងនឹងបន្តរួមសហប្រតិបត្តិការគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេស ប្រជាជនទាំងពីរ កម្ពុជា និងចិន តទៅមុខទៀត។
ឯកឧត្តម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ទៀតថា៖ ចិន និងកម្ពុជា ជាមិត្តភាពដែកថែបនឹងគ្នា និងតែងបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ក្នុងនោះលើវិស័យការពារជាតិ មានលក្ខណៈកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់។ ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមបានបញ្ជាក់ថា៖ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយជម្រុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរចិននិងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសចិន និងការខិតខំប្រឹងប្រែងរបស់កម្ពុជា កម្ពុជាពិតជានឹងទទួលបានជោគជ័យនឹងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីជាបន្តទៀត លើការកសាងសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ក៏ដូចជាការធ្វើទំនើបកម្មកងទ័ពកាន់តែខ្លាំងក្លានាពេលអនាគតខាងមុខនេះក្នុងតំបន់អាស៊ាន។ ឯកឧត្តម បានបញ្ជាក់ដែរថា៖ បច្ចប្បន្ននេះទំនាក់ទំនងប្រទេសយើងទាំងពីរ បានឈានដល់ការកសាងជោគវាសនារួម នាយុគ្គសម័យថ្មីកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដាខ្ពស់ ហើយកងទ័ពទាំងពីរជាគោលដៅផងដែរ។ ការផ្តល់ជំនួយដល់ប្រទេសកម្ពុជាពីប្រទេសចិន បានឈានដល់កម្រិតលេខ១ ហើយការផ្តល់អាហារូបករណ៍យោធាកម្ពុជា ក៏ឈានដល់កម្រិតលេខ១ផងដែរ នេះបើធៀបទៅនឹងការផ្តល់ជំនួយរបស់ចិនដល់បណ្តាប្រទេសនានាលើពិភពលោក ៕

















